ប្រដាល់ ៖ អ្នកប្រដាល់ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ បានផ្ដួលអ្នកប្រដាល់ថៃឌេក ឡេក (Deik Lek) ក្នុងការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កាលពីរសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩ នៅលើសង្វៀនSEATV។
ឌេក ឡេក ត្រូវ ម៉ន សាម៉េត ទាត់ឲ្យខូចជើងខាងឆ្វេងក្នុងទឹកទី១ប៉ុណ្ណោះ។ មុននឹងបោះបង់ចោលការប្រកួតនោះ ឌេក ឡេក ត្រូវអាជ្ញាកណ្ដាលរាប់៨ ពីរដងទៅហើយ ហើយដួលម្តងទៀត អាជ្ញាកណ្ដាលក៏បញ្ឈប់លែងឲ្យប្រកួតតែម្តង។
សូមបញ្ជាក់ថា ម៉ន សាម៉េត គេទើបតែឈ្នះអ្នកប្រដាល់ថៃ វ៉ាន់ នីឆៃ ដោយបានផ្ដួល នីឆៃ ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងមកនោះ។
ចំពោះ ឈាន ហុង អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ កេន សាក់ (Ken Sak)នោះ បានចាញ់កេន សាក់ ក្នុងទឹកទី៣។ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
កេន សាក់ ត្រូវឈាន ហុង វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ បន្ទាប់ពីត្រូវឈាន ហុង បំពានលើបទបញ្ជាប្រកួត ដោយលួចវាយថែមទៅលើថៃ តាមរយៈពេលដួលយកជង្គង់ទៅអុក បន្ថែមលើ កេន សាក់ នោះ ដែលធ្វើឲ្យ កេន សាក់ ឈឺជើងខាងឆ្វេងដោយសារតែត្រូវនឹងជង្គង់របស់ ឈាន ហុងនោះ។
ឈានហុង បើពិនិត្យទៅលើស្ថានភាពប្រកួតពីរទឹកកន្លងមកនោះ គឺគេមានប្រៀបឈ្នះទៅលើ កេន សាក់ រួចទៅហើយ ដូច្នេះបើសិនគេកុំវាយរំលោភបទបញ្ជាប្រកួតនោះ គេនឹងអាចឈ្នះ កេន សាក់ដែរ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គី ខេត្តបាត់ដំបង បានប្រកួតឈ្នះ ថន ភឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។
ឡុង ណងសៅ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានផ្ដួលយកឈ្នះ រិន ដេវីត ក្នុងទឹកទី២ ក្រោយពីរូបគេបានអុកជង្គង់ចូលចុងដង្ហើមដេវីតមួយជង្គង់ពេញណែននោះ។ រីឯ លន់ សៀកឡេង អ្នកប្រដាល់ក្លិបថ្នល់ទទឹងគុនខ្មែរ បានត្រូវ ប៉ុក វិបុល អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ វាយឲ្យសន្លប់ក្នុងទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments