Ad Code

មេបញ្ជាការ​ កងទ័ពជើងគោក​កម្ពុ​ជា​ ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​



តប​តាម​ការអញ្ជើញ​របស់ មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ា​ស៊ី​ហ្វិ​ក នៃ​កងទ័ព​សហរដ្ឋអាមេរិក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នឹង​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​១២ ខែ​មេសា ឆ្នាំ​២០១៩​ នៅ​សហរដ្ឋអាមេរិក។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នឹងចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ា​ស៊ី​ហ្វិ​ក « PASOC 19 »​។ នាឱកាស​នោះ​ផងដែរ មេបញ្ជាការ​កងទ័ពជើងគោក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​រឹត​បណ្ដឹង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក។

ទោះបី​កន្លងទៅ​មជ្ឈដ្ឋាន​ប្រឆាំង​មួយ​ចំនួន ខំ​បំប៉ោង​ថា សហរដ្ឋអាមេរិក បាន​ដាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ក្នុង​បញ្ជី​បម្រាម​មិន​ឱ្យ​ទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋបាល និង​កងទ័ព​សហរដ្ឋ​អាមេរិក​ នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជាក់ស្តែង​ការ​អញ្ជើញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទៅ​ទស្សនកិច្ច​ផ្លូវការ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu