Ad Code

ចាន់ សំអាត វាយ យ៉​ត បាន​ភុ​ត ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣



•ខេ​ម ចាន់ សងសឹក សឺ​ន ថៃ​សាន់ បានសម្រេច
ចាន់ សំអាត អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​យ៉​ត បាន​ភុ​ត​(Yorth Banphut) ក្នុង​ទឹក​ទី​៣ នៅក្នុង​ការជួប​ប្រកួត​គ្នា​ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV។​

ចាន់ សំអាត បាន​ប្រើពេល​៣​ទឹក ក្នុងការ​ផ្ដួល​យកឈ្នះ​យ៉​ត បាន​ភុ​ត នេះ។ ការប្រកួត​ក្នុង​ទឹក​ទី​១ គឺ​មាន​លក្ខណៈ​ប្រដំប្រសង​គ្នា​ទេ ដោយ​វាយ​ទៅ​វា​យមក តែ​ចូលដល់​ទឹក​ទី​២ ចាន់​សំអាត ជើង​ខ្លាំង​របស់​កម្ពុជា​នេះ បាន​ទាត់​យ៉​ត បាន​ភុ​តឲ្យ​ដួល ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨។ បន្ទាប់ពី​បន្ត​ការប្រកួត​ក្នុង​ទឹក​ទី​៣​ទៀត​នោះ យ៉​ត បាន​ភុ​ត ត្រូវ ចាន់ សំអាត វាយ​កែង​ត្រូវ​ថ្គាម បណ្តាលឲ្យ​ដួល​សន្លប់​លែង​ក្រោក។​

ចំពោះ ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ឡើង​សងសឹក​ សឺ​ន ថៃ​សាន់ ឬ​ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​នោះ គេ​បាន​វាយ​ឈ្នះ​ ថៃ​សាន់ ដោយ​ពិន្ទុ ធ្វើ​ឲ្យ​គេ​សម្រេច​បាន​នូវ​ការ​សងសឹក។​

សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​វាយ​ឈ្នះ​ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម។​

លីន វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ ផាន់ សូផាត អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដោយ​ស្នៀត​ទាត់​របស់​គេ​។ ពីរ​នាក់​នេះ ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម។

•​អេ​លី​ត សាន់ និង សុខ សុវណ្ណ ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា​
​​នៅ​លើ​ សង្វៀន​Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃអាទិត្យ​ ទី​០៧​ ខែ​មេសា​ ឆ្នាំ​២០១៩ អ្នក​ប្រដាល់​កម្ពុជា អេ​លី​ត សាន់ ដែល​ពីមុន​គេ​មាន​ឈ្មោះថា «​លិញ ភារ​ម្យ​»​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី យ៉​ត ថា​ណុង ( Yorth Thanong) ដោយ​ពិន្ទុ។​

ស្ថានភាព​ប្រកួត​ពេលនោះ យ៉​ត ថា​ណុង បាន​ចាញ់​ប្រៀប​អេ​លី​ត សាន់ តាំងពី​ទឹក​ទី​២​មក​ម្ល៉េះ ដែល​ក្នុង​ទឹក​២​នោះ យ៉​ត ថា​ណុង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង បន្ទាប់ពី​ត្រូវ​មួយ​ជើង​របស់​អេ​លី​ត សាន់ ហើយ​មកដល់​ទឹក​ទី​៤ ថា​ណុង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ទៀត ដោយ​ត្រូវ​កែង​របស់​ អេ​លី​ត សាន់ ។​

ចំណែក សុខ សុវណ្ណ អ្នក​ប្រដាល់​ នៃ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​វិញ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ចា​ឡឺម ឡាប (Chaleum Larb) ដោយ​ពិន្ទុ ក្រោយ​ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់៦០គីឡូក្រាម​ដែរ។

ចា​ឡឺម ឡាប ដែល​មកជួប ​សុខ សុវណ្ណ​នេះ គេ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEATV​នេះ​ទេ​កន្លង​មក។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ស៊ូ​ចំពោះ​ការប្រកួត​ណាស់ ទោះជា​សុខ សុវណ្ណ​ វាយ​ត្រូវ​ច្រើន​យ៉ាង​ណា ក៏​គេ​នៅតែ​តស៊ូ​រហូតដល់​ចប់​ទឹក​៥​ដែរ។​

ចំពោះ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​ជើងចាស់​ ឃឹម ពេជ្រ​ចិន្តា ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​ប្រើពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្ដួល ​ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ រីឯ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្ត​រតនគិរី ត្រូវ​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក វាយ​ជង្គង់​ចូល​ពោះ សន្លប់​ក្នុង​ទឹក​ទី​៣។ ពួកគេ​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu