ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ម្នាក់ឈ្នះ ម្នាក់ចាញ់ថៃ នៅក្នុងការជួបប្រកួតគ្នាលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។
ក្នុងនោះ ឡៅ ចន្ទ្រា អ្នកប្រដាល់ជើងខ្លាំងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលត្រូវបានគេផ្គូឲ្យជួបប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះ កេង កាត់ វ៉.ស៊ូងនឹន (Keangkath Wor.Shungnuen)នោះ បានផ្ដួលយកឈ្នះត្រឹមទឹកទី១ប៉ុណ្ណោះ។
ឡៅ ចន្ទ្រា គេបានប្រើពេលមិនដល់មួយទឹកទេ ផ្ដួលកេង កាត់ វ៉.ស៊ូងនឹន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ បន្ទាប់ពីគេប្រើជើងទាត់ទៅលើភ្លៅស្តាំ របស់អ្នកប្រដាល់ថៃនោះ ឲ្យដួលក្រោកលែងរួចតែម្តង។ អាជ្ញាកណ្ដាលរាប់ដល់ដប់ហើយក្តី ក៏ កេង កាត់ មិនក្រោកបន្តការប្រកួតទៀតដែរ។
កេងកាត វ៉ ស៊ូងនឹន ជាអ្នកប្រដាល់ថៃជើងចាស់និងធ្លាប់ឡើងមកប្រកួតនៅកម្ពុជាច្រើនលើកហើយកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅកម្ពុជាកន្លងមក គេបានជើងឯករងខ្សែក្រវាត់Wurkzទម្ងន់៦៧គីឡូក្រាម ក្រោយពីប្រកួតផ្ដាច់ព្រ័ត្រចាញ់មាជ សុខរ៉ា អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាដោយពិន្ទុនោះ។
ចន្ទ្រា គេទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមក។ កាលពីលើកមុន ចន្ទ្រា បានយកឈ្នះគ្រៀង ក្រៃ ដោយពិន្ទុ ហើយលើកនេះគេប្រើពេលមិនដល់មួយទឹកទេ ផ្ដួលកេង កាត់ ឲ្យបោះបង់ក្នុងទឹកទី១ទៀត។
ចំណែក ខាំ ផាន្នី អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreangkrai Tor.Silachai) នោះ បានវាយ ចាញ់ គ្រៀង ក្រៃ ក្នុងទឹកទី២ ។
ផាន្នី ត្រូវគ្រៀង ក្រៃ វាយឲ្យអាជ្ញាកណ្ដាលរាប់២ដង ក្នុងទឹកទី១ តាមរយៈការទាត់ជើងក្រោម ហើយមកដល់ទឹកទី២ ខាំ ផាន្នី ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត ក្រោយពេលដែលត្រូវ គ្រៀង ក្រៃ ទាត់ត្រូវជើងស្តាំដែលឈឺនោះ ដួលលើរេញក្រោកលែងរួច អាជ្ញាកណ្ដាលក៏បញ្ឈប់តែម្តងទៅ។ កាលពីជួបប្រកួតជាមួយកេង កាត់ វ៉.ស៊ូងនឹន ផាន្នី ចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ជ័រ ពៅ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ គេសងសឹក មាស សារ៉ាក់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ បានសម្រេចដោយផ្ដួល សារ៉ាក់ សន្លប់ដោយជង្គង់ក្នុងទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments