បន្ទាយមានជ័យ ៖ ចោរវ័យក្មេងម្នាក់ បានបន្លំខ្លួនចូលទៅក្នុងផ្ទះសំណាក់ ហើយបានលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះ យកទៅបាត់ រំលងបានជាច្រើនថ្ងៃ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះ ឃាត់ខ្លះបាននៅវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ហង្សមាសថ្មី ស្ថិតនៅភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យ ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សឿម ស៊ីណាត ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានបំភ្លឺថា ជនសង្ស័យមានឈ្មោះ ឯម សុភិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ២៣ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានបន្លំខ្លួនចូលទៅក្នុងផ្ទះសំណាក់ ហើយលួចកាច់សោ.កម៉ូតូរបស់ខ្លួនយកទៅបាត់ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់សោម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយកម៉ូតូដែលលួចបានទៅធ្វើសោដើម្បីជិះយកទៅលក់ ស្រាប់តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួចមានស្ថានទម្ងន់ទោស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ធ្វើការប្រគល់ជូនទៅជនរងគ្រោះវិញហើយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments