Ad Code

ឲ្យ​អ្នក​រត់​ឌុប ​ជូន​ចុះឡើង​ ឲ្យ​លុយ​ក្លែងក្លាយ ​អ្នក​រត់​ឌុប​មិន​យក ​គំរាម​សម្លាប់ ​ត្រូវ​​​​​អាវុធហត្ថ​ឃាត់ខ្លួន



បន្ទាយមានជ័យ​ ៖ ​ជន​សង្ស័យ​ម្នាក់ ​ប្រើ​ស្នៀត​ថ្មី​ឲ្យ​អ្នក​រត់​ឌុប​ជូន​ចុះឡើង​ ឲ្យ​លុយ​ក្លែងក្លាយ​អ្នក​រត់​ឌុប​មិន​យក​ គំរាម​សម្លាប់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​​ចុះ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​១០០ ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ​ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​យោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ សុខ ភារ​ម្យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ស្ថិត​ក្នុង​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​បំភ្លឺ​ឲ្យ​ដឹងថា​ ជនសង្ស័យ​មានឈ្មោះ ជា សុភ័ក្ត្រ ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ហៅ​ខ្លួន​ឲ្យ​ឌុប​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពេលទៅដល់​ចំណុច​ត្រូវ​ឈប់ ក៏បាន​ឲ្យ​ប្រាក់​មក​ខ្លួន តែ​ប្រាក់​នោះ​ជា​ប្រាក់​ក្លែងក្លាយ។ ពេលនោះ​ខ្លួន​មិន​សុខចិត្ត​ក៏បាន​ប្រកែក​គ្នា តែ​ជនសង្ស័យ​បាន​គំរាម និង​យក​ដែកឆាប​បម្រុង​ចាក់​មកលើ​ខ្លួន​ទៀតផង ដោយ​ខ្លួន​មានការ​ភ័យខ្លាច​ក៏​ស្រែក​ឆោឡោ​ហៅ​សមត្ថកិច្ច​មកឃាត់​ខ្លួន​តែម្តង។

អាវុធហត្ថ​ក៏បាន​សាកសួរ, ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​មកហើយ ទើបតែ​ចេញពី​ពន្ធនាគារ​កាល​ខែកុម្ភៈ ឆ្នាំ​២០១៩ ថ្មីៗ​នេះ ហើយ​ពេលនោះ​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​បែកគំនិត​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​បន្ថែមទៀត​ថា ​ផ្អែកលើ​ចម្លើយសារភាព​របស់​ជនសង្ស័យ​​​​ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ គំរាម​សម្លាប់​និង​ចាយលុយ​ក្លែងក្លាយ​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu