កោះកុង ៖ លោកឆេង សារឿន រដ្ឋលេខាធិការ ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្ដ្រ ខេត្ដកោះកុង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
ថ្លែងឱកាសនោះ លោកក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពី សំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ និងក្រុមគ្រួសារ និងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នា ជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
លោករដ្ឋលេខាធិការក៏បានបន្តថា ការចុះសាកសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្រឡាញ់កងទ័ព កងនគរបាលយើង និងបញ្ជាក់ពី ចលនាស្នេហាជាតិ និងការពារជាតិ របស់ប្រជាជនយើងទាំងមូលបានដែលកំពុង ក្លាយជាចលនាជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេស គ្រប់និន្នាការ នយោបាយ បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការការពារបូរណភាពដែនដីប្រឆាំងនឹងការឈ្លានពានពីបរទេស។
លោកឆេង សារឿន បានសង្កត់ធ្ងន់ទៀតថា ទោះជាយើងទទួលបានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យដូចយើងឃើញនៅពេលនេះក្តី យើងមិនត្រូវភ្លេចថា យើងពិត ជាបានឆ្លងកាត់ការលំបាក ការបូជា និងការខិតខំច្រើនណាស់។ យើងពិត ជាចងចាំ បានថារបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានប្រែក្លាយមាតុភូមិកម្ពុជាយើងទៅជា វាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា។ ប្រជាពលរដ្ឋស្លូតត្រង់ត្រូវបាន សម្លាប់ ឬរស់នៅដូចសត្វតិរច្ឆាន ដោយត្រូវទទួលរងទារុណកម្ម ធ្វើការជាទាសករ និងរស់នៅក្នុងគុកឥតជញ្ជាំង។ ខឿនសេដ្ឋកិច្ចទាំងមូល រួមនឹងជំនឿសាសនាត្រូវបានបំផ្លាញ ខ្ទេចខ្ទីទាំងស្រុង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យ នូវដំណើរការ សមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។
ជាទីបញ្ចប់លោកក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង និងបណ្ដាសម្បុរសជន រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ដ្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួម បរិច្ចាកធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែក ជួយគាំទ្រ និងលើក ទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធយ៉ាងអង់អាចក្លាហានរបស់ យើង ដែលកំពុងឈរជើងប្រចាំការ បំពេញភារកិច្ចដ៏ឧត្តមការពារបូរណភាពទឹកដី ក្នុងភូមិសាស្ដ្រខេត្ដកោះកុងនេះកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments