ភ្នំពេញ ៖ នៅវេលាម៉ោង ៨និង ៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
អគារសារមន្ទីរជាអគារស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំងដែលស្ថិតនៅសួនច្បារផ្សារចាស់។
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ដែលត្រូវបានប្រសិទ្ធជាគម្រោង «ដ៏មានមហិច្ឆតា» នេះ ត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន។ លោកអគ្គទេសាភិបាល បានអះអាងថា សារមន្ទីរស្តីអំពីប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជានេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក។
លោក ជា ចាន់តូ បានបន្ថែមថា ការសាងសង់ និងរចនានូវអគារសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមស្រាវជ្រាវពីចំណុចសូន្យ។ បើតាមលោក ជា ចាន់តូ ដោយសារតែប្រវត្តិសាស្ត្ររបស់កម្ពុជាមានការប្រែប្រួលច្រើន និងមានភាពស្មុគស្មាញ ព្រមទាំងមិនសូវមានការចងក្រងឯកសារផងនោះ បានបង្កជាការលំបាកក្នុងការចងក្រងប្រមូលផ្តុំ និងសាងសង់នូវសារមន្ទីរមួយនេះផងដែរ។
លោកអគ្គទេសាភិបាល បានអះអាងថា ដើម្បីសាងសង់សារមន្ទីរនេះឡើង គឺត្រូវធ្វើការងារពាក់ព័ន្ធនឹងចំណុចសំខាន់ៗចំនួន៣រួមមាន៖ ទីមួយ ការស្តារឡើងវិញនូវរឿងពិតដ៏សំខាន់មួយដែលជាញឹកញាប់មិនមានការយកចិត្តទុកដាក់ គឺរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា, ទីពីរ គឺការប្រមូលផ្តុំឯកសារ រូបភាព និងកាស ដើម្បីទុកជាភស្តុតាង និងទីបី គឺការផ្តល់ជូននូវទីកន្លែងនៃចំណេះដឹងទំនើបថ្មីមួយ និងប្រកបដោយអន្តរកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់សិស្ស និងនិស្សិត។
សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌុល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ន។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងដល់សាធារណជន។
សារមន្ទីរនេះ ក៏មានបណ្ណាល័យ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ និងសួនច្បារដ៏ស្រស់ស្អាត។ បន្ទាប់ពីបើកសម្ពោធហើយសាធារណជននឹងអនុញ្ញាតឱ្យចូលទស្សនានៅក្នុងសារមន្ទីរដែលបង្ហាញពីប្រវត្តិនៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាតាំងពីសម័យហ្វូណន៕
Source: Kampuchea Thmey Daily
0 Comments