ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មិនហាមចំពោះការធ្វើសង្ក្រាន្តនោះទេ តែមិនគួរនឹងធ្វើសង្ក្រាន្តនៅលើប្រឡាយបឹងត្របែកនោះទេ ដោយវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សបាន។
ការបញ្ជាក់បែបនេះ គឺក្រោយពីក្រុមយុវជន យុវនារីមួយក្រុម បានធ្វើរៀបចំធ្វើសង្ក្រានមួយនៅលើប្រឡាយបឹងត្របែក ដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការហាមឃាត់ និងរុះរើចេញជាបន្ទាន់ជៀសវាងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងសង្ក្រាន្តនោះ។
បើតាមការផ្សាយរបស់អង្គការខុមហ្វ្រែល នៅយប់ថ្ងៃទី ០៦ខែមេសាបានបញ្ជាក់ថា អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី របស់យុវជនយុវនារីក្នុងការកាយសំអាតប្រឡាយទឹកស្អុយបឹងត្របែក ដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានី។ តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ត្រូវរៀបចំនៅលើប្រឡាយលូបឹងត្របែកចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់។
លោក សាន ដារាវីត ជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយបឹងត្របែកនេះ។
តាមរយៈផេកហ្វេសប៊ុក Luon Sovath នៅយប់ថ្ងៃទី៦ខែមេសានេះ ព្រះតេជគុណ លូន សាវ៉ាត បានមានសង្ឃដីកាថា ការនាំគ្នាធ្វើកម្មវិធីបុណ្យអបអរសាទរឆ្នាំថ្មី សង្ក្រាន្តឆ្នាំថ្មី នៅក្បែរ និងនៅលើលូទឹកស្អុយបឹងត្របែក ក្នុងគោលបំណង ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ឲ្យចូលរួមថែរក្សាបរិស្ថានល្អ អនាម័យល្អ ដើម្បីថែរក្សាប្រពៃណី វប្បធម៌ជាតិ បុណ្យចូលឆ្នាំថ្មីផង តែត្រូវបានអាជ្ញាធរខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅហាមឃាត់ ទប់ស្កាត់ និងចុះរុះរើរោងកម្មវិធីបុណ្យចោលជាបន្ទាន់ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាត។ តើកម្មវិធីបុណ្យអបអរសាទរចូលឆ្នាំថ្មី គេតម្រូវឲ្យសុំច្បាប់អាជ្ញាធរ ទើបអាចនាំគ្នា ធ្វើបុណ្យចូលឆ្នាំថ្មី កើតមែន ?។
ចំពោះបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ថា ការហាមមិនឲ្យធ្វើសង្ក្រាន្តនៅលើប្រឡាយបឹងត្របែកមានមូលហេតុច្រើនយ៉ាងដែលមិនត្រូវឲ្យធ្វើនៅលើប្រឡាយនេះ។
ទី១ ការធ្វើនៅលើប្រឡាយបឹងត្របែកជារឿងមួយ ដែលមិនគួរឲ្យមានការប្រារព្ធពិធីនៅលើប្រឡាយនោះទេ បើសិនមនុស្សដែលចូលរួម ហើយរងគ្រោះថ្នាក់ដោយសារការធ្លាក់ចូលទៅក្នុងប្រឡាយលង់ស្លាប់ តើនរណាជាអ្នកទទួលខុសត្រូវលើបញ្ហានេះ។
រដ្ឋបាលរាជធានីមិនដែលហាមប្រាម ហាមឃាត់ ប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ក្នុងការសម្អាតបរិស្ថានបោសសម្អាតសំរាមនោះទេ។ តែទីតាំងលើប្រឡាយបឹងត្របែកជាទីតាំងមិនគួរឲ្យប្រារព្ធពិធីនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញ អាចឲ្យប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិលធ្វើសង្ក្រាន្តបែបនេះបាននៅទីកន្លែងសមរម្យមួយ ហើយសុំច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានី ដើម្បីអប់រំណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការសំអាតក៏ដូចជាថែរក្សាបរិស្ថានទាំងអស់គ្នា មិនគួរនឹងធ្វើនៅលើប្រល័យបែបនេះនោះទេ៕
Source: Kampuchea Thmey Daily
0 Comments