កំពង់ចាម ៖ សន្តិសុខឯកជនម្នាក់ ត្រូវបានបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(ដុតរថយន្ត) និងនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី។
ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០១និង ៣០នាទីរំលងអធ្រាត្រ នគរបាលប៉ុស្តិ៍បានទទួលព័ត៌មានថា មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (លួចដុតរថយន្ត ) ម៉ាក លុចស៊ីស ជីអេស ៣០០ ពណ៌ខ្មៅ ឆ្នាំ២០០៦ ស្លាកលេខ ភ្នំពេញ ២W.៨៥៨៨ ជាកម្មសិទ្ធិរបស់ឈ្មោះ សុខ សុធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ម្ចាស់រថយន្តបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ខ្លួនបានទុករថយន្តខាងលើនៅចំណុចកើតហេតុ ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយក៏ចូលដេកក្នុងផ្ទះ។
ប៉ូលិសបានបន្តថា នៅពេលដែលម្ចាស់រថយន្ត ឮសំឡេងផ្ទុះក៏មកមើល ស្រាប់ឃើញរថយន្តខាងលើដែលទុកចោលក្រៅរបងផ្ទះ ត្រូវបានភ្លើងឆេះ បណ្ដាលអោយខូចខាតរថយន្តផ្នែកខាងមុខ ហើយបងប្អូនជួយពន្លត់។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍វាលវង់ សហការជាមួយជំនាញក្រុងកំពង់ចាម ចុះមកដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ តាមរយៈ កាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យ ១ នាក់ ជិះកង់កាត់កន្លែងកើតហេតុបានបន្តិចក្រោយមក ស្រាប់តែមានភ្លើងឆេះរថយន្តតែម្តង។
រហូតដល់យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩វេលាម៉ោង០០និង ៥៧ នាទី កម្លាំងសមត្ថកិច្ចយើងចេញល្បាតដល់ចំណុចភូមិទី ២ សង្កាត់វាលវង់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក៏ប្រទះឃើញមុខសញ្ញាមានភិនភាគដូចក្នុងរូបភាពកាមេរ៉ាកំពុងជិះកង់ ដោយមានការសង្ស័យយើងធ្វើការត្រួតពិនិត្យឃើញមានដបសាំងចំនួន ១ ដប និងដែកកេះចំនួន១ដាក់ក្នុងស្បោង ជនសង្ស័យឈ្មោះ ហេងយូរា ភេទប្រុសអាយុ ៣៣ឆ្នាំ ជាតិខ្មែរមុខរបរសន្តិសុខ ខារ៉ាអូខេមនោរម្យ ស្នាក់នៅបន្ទប់ជួលភូមិទី 3សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម យើងបាននាំខ្លួនមកសាកសួរ នៅអធិការក្រុងកំពង់ចាម។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅយប់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៩វេលាម៉ោងប្រហែល ១ រំលងអធ្រាត្រ ពេលខ្លួនកំពុងនៅក្រោមស្ពាន គីហ្សូណា ស្រាប់តែឃើញរថយន្តឡិចស៊ីស១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ៨៥៨៨ ជិះប្រុងបុកខ្លួន ហើយក៏ជិះទៅបាត់។
លុះដល់យប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១ រំលងអធ្រាត្រខ្លួនបានឃើញរថយន្តចតនៅមុខផ្ទះ ក៏ទៅទិញសាំងយកទៅចាក់ដុត ហើយជិះកង់គេចខ្លួនតែម្តង។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យ មានសារជាតិថ្នាំញៀន។ បច្ចុប្បន្នមុខសញ្ញាខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលក្រុងកំពង់ចាម៕
Source: Kampuchea Thmey Daily
0 Comments