រតនគិរី ៖ ឃ្លាំងស្តុកឈើមួយកន្លែង ត្រូវបានអយ្យការអមសាលាដំបូងខេត្តរតនគិរីដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្នុងការចុះបង្ក្រាបនោះដែរ មានកម្លាំងកងរាជអាវុធហត្ថខេត្ត៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ហោ ជា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ អធិការនគរបាលស្រុក មេប៉ុស្តិ៍ ប៉ក់ញ៉ៃ ផ្នែករដ្ឋបាលព្រៃឈើ និងរួមទាំងសង្កាត់បរកែវអូរយ៉ាដាវ ដោយមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប៉ុន្តែបើតាមប្រភពខ្សឹបប្រាប់នៅកន្លែងបង្ក្រាបបានបង្ហើបថា ឈើខាងលើនេះ ជារបស់ លោក ប៉ូយ គីវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិច្រាយ ហើយឈើទាំងនោះមិនទាន់ធ្វើការវាស់វែងនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងប្រមូលដឹកជញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្តតាមនីតិវិធីរដ្ឋបាលព្រៃឈើ។
ជុំវិញបញ្ហាចោទប្រកាន់ លោកប៉ូលិស ប៉ូយ គីវ ជាឈ្មួញរកស៊ីឈើប្រណិតខាងលើនេះ ភ្នាក់ងារកម្ពុជាថ្មី មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៧មេសានេះ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនងបាន៕
Source: Kampuchea Thmey Daily
0 Comments