បន្ទាយមានជ័យ ៖ ក្មេងស្ទាវ២ក្រុម បើកការប្រយុទ្ធគ្នាយ៉ាងសាហាវក្រុមមួយចូលដេកគុក ហើយ១ក្រុមទៀតសំណាងមានមួកសុវត្ថិភាពជួយទប់កុំអីស្លាប់។ ករណីនេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចុះបង្ក្រាបបានចំនួន៣នាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅភូមិកោះឈ្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សន សុភា ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទៅលំនៅស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ បានឲ្យដឹង ថាកាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ខ្លួន និងមិត្តភក្ដិបាននាំគ្នាជិះម៉ូតូក្នុងគោលបំណងទៅញ៉ាំបង្អែម លុះជិះដល់ចំណុចកើតហេតុ បានឃើញម៉ូតូ២គ្រឿង មានគ្នាប្រមាណ៣នាក់ជិះសំដៅមកពួកខ្លួន ពេលជិះមកដល់ ក៏ដកកាំបិតកាប់មកលើរូបខ្លួន១កាំបិត ត្រូវចំមួកសុវត្ថិភាព ពេលកាប់រួចជនសង្ស័យក៏បានជិះម៉ូតូគេចចេញបាត់។ ក្រោយពីកើតហេតុហើយ ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅនឹងកន្លែង១មានឈ្មោះ ហុច គឹមសេង ភេទ ប្រុស អាយុ ១៨ឆ្នាំ ២មានឈ្មោះ ផាត ជាវមិញ ភេទ ប្រុស អាយុ ១៩ឆ្នាំ ៣មានឈ្មោះ ខន ឈិត ភេទ ប្រុស អាយុ ១៨ឆ្នាំទាំង៣នាក់រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងមានដាវកែច្នៃ ១ដើម ប្រវែង ៧១ស.ម។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាដោយចេតនា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments