ភ្នំពេញ ៖ នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង នៅរសៀលថ្ងៃទី ១៤មេសា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរសដៃរន្ទះដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ជនដៃដល់ដែលតុលាការឃុំខ្លួនឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តអោយក្រុមហ៊ុនឯកជនមួយ។
ពាក់ព័ន្ធការចាប់ខ្លួន ការចោទប្រកាន់ និងចេញដីកាឃុំខ្លួន បុរសឈ្មោះ ឡោ ប៊ុនភ័ក្រ, មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញថ្លែងថា កន្លងមក ជនសង្ស័យធ្លាប់ជាប់គុកព្រៃសម្ដងរួចមកហើយរយៈពេល១ឆ្នាំក្នុងឆ្នាំ២០០៧ដល់ឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលត្រូវបានប្តឹងដោយឪពុកម្ដាយបង្កើតតែម្ដង។
កាលពីថ្ងៃទី៩ខែមេសា ឆ្នាំ២០១៩នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញមានករណីហិង្សាមួយកើតឡើងដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយមានឈ្មោះថា ទូច លីនដា ត្រូវបានបុរសឈ្មោះ ឡោ ប៊ុនភ័ក្រ ទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។
បើតាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារដើម្បីទិញបាយហូបហើយពេលដើរត្រឡប់មកវិញដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាងក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថាបើកប្រញាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឮដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។
បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថ បានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ។
ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបានប្រហែល១ខែប៉ុណ្ណោះ។
នៅចំពោះមុខសមត្ថកិច្ចនិងតុលាការ ឡោ ប៊ុនភ័ក្រ បានសារភាពទទួលកំហុសថា ពិតជាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។
នារសៀលនេះផងដែរ ក្រោយពីចៅក្រមសើបសួរសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទរួចហើយ សមត្ថកិច្ចអាវុធហត្ថបានបញ្ជូនឈ្មោះ ឡោ ប៊ុមភ័ក្រ ទៅឃុំខ្លួននៅពន្ធនាគារព្រៃសតាមសេចក្ដីសម្រេចរបស់តុលាការ ៕
Source: Kampuchea Thmey Daily
0 Comments