រតនគិរី ៖ បុរសម្នាក់ បានប្រើអំពើហិង្សានៅក្នុងគ្រួសារ ដោយបានយកកាំបិតកាប់ទៅលើប្រពន្ធ ម៉ែក្មេកនិងប្អូនថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បង្កហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវើនសៃ បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១- ឈ្មោះ ប៉ាន ម៉ាលី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិកាចក់ ត្រូវជាប្រពន្ធជនបង្ក របួសធ្ងន់ត្រង់ផ្ទៃមុខខាងស្តាំ។ ទី២- ឈ្មោះ ប៉ាន វ៉ាន់ឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិកាចក់ ត្រូវជាប្អូនថ្លៃជនបង្ក របួសធ្ងន់ត្រង់ត្រគាកខាងឆ្វេង។ ទី៣- ឈ្មោះ រ៉ែ រី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិកាចក់ ត្រូវជាម្តាយក្មេកជនបង្ក របួសស្រាល។ អ្នកទាំង៣នាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំកាចូន ស្រុកវើនសៃ។
រីឯជនសង្ស័យឈ្មោះ ឈុន ឆៃតិក ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តីជនរងគ្រោះ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវើនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments