កំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១២ខែ មេសា ឆ្នាំ២០១៩ នេះ បានអោយដឹងថាៈ ការជួសជុលកំណាត់ជាតិលេខ៥ ផ្លូវ ក្រាលកៅស៊ូ DBST នៅ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង១.៥០០ម៉ែត្រ ទទឹង១១ម៉ែត្រ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងមក គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ កសាងសម្រេចបាន៤០%ហើយ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព កែលំអសោភ័ណភាពក្នុងក្រុង និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍កុំអោយកើតឡើង។
លោក កែវ ពៅ បានបញ្ជាក់អោយដឹងទៀតថាៈ ថវិកាជួសជុលផ្លូវនេះ គឺជាថវិការបស់ក្រសួង អនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយបានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋ ទើបការអនុវត្តកសាងទៅបានដោយរលូន និងជោគជ័យ។
អាជ្ញាធរខេត្ត និងលោក កែវ ពៅ ប្រធានគម្រោង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវដែលកំពុងធ្វើការជួសជុលនេះ និងអ្នកធ្វើដំណើរ សូមមេត្តាមានការយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់មួយចំនួននៅក្នុងពេលកំពុងជួសជុលផ្លូវនេះ។ ដោយសូមជូនពរដល់ប្រជាពលរដ្ឋយើង ធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ និងសុវត្ថិភាព នៅក្នុងបុណ្យចូលឆ្នាំខ្មែរយើងនេះ៕
Source: Kampuchea Thmey Daily
0 Comments