ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានកោះប្រជុំពេញអង្គនៅថ្ងៃពុធនៃគណៈកម្មាធិការជាន់ខ្ពស់មួយរបស់គណបក្សពលករកំពុងកាន់អំណាចដើម្បីដោះស្រាយនូវអ្វីដែលលោកពណ៌នាថាជា “ស្ថានភាពតានតឹង”។
ការប្រមូលផ្តុំនៃគណៈកម្មាធិការមជ្ឈិមនេះបានកើតឡើងបន្ទាប់ពីជំនួបកំពូលរបស់លោកគីម ជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅទីក្រុងហាណូយបានបរាជ័យដោយគ្មានកិច្ចព្រមព្រៀងឡើយកាលពីខែកុម្ភៈហើយស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីនធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាជាមួយមេដឹកនាំសហរដ្ឋអាមេរិក។
ប៉ុន្តែទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានបង្ហាញថា លោកគីមអាចនឹងផ្តោតលើការជំរុញជាបន្តរបស់ទីក្រុងព្យុងយ៉ាងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
KCNA បានរាយការណ៍ថា នៅក្នុងជំនួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃអង្គារ លោកគីមបានបញ្ជាឲ្យពួកគេបង្ហាញអាកប្បកិរិយាដែលសមស្របទៅនឹងមេបដិវត្តន៍និងការកសាងក្រោមស្ថានភាពតានតឹងហើយធ្វើតាមខ្សែបន្ទាត់យុទ្ធសាស្ត្រថ្មីរបស់បក្ស។
កាលពីខែមេសា លោកគីមបានប្រកាសថា “ខ្សែបន្ទាត់យុទ្ធសាស្ត្រថ្មី” របស់គណបក្សកាន់អំណាចគឺ “ការសាងសង់សេដ្ឋកិច្ចសង្គមនិយម” ហើយដំណើរស្វែងរករបស់ខ្លួនសម្រាប់ការអភិវឌ្ឍនុយក្លេអ៊ែរគឺបានសម្រេចហើយ។
KCNA រាយការណ៍ថា លោកគីមបានធ្វើការវិភាគយ៉ាងជ្រាលជ្រៅអំពីបញ្ហាដែលកំពុងរង់ចាំដំណោះស្រាយជាបន្ទាន់នៅក្នុងបក្សនិងរដ្ឋ។ KCNA បន្ថែមថា អំឡុងកិច្ចប្រជុំនៅថ្ងៃពុធ គណៈកម្មាធិការកណ្តាលនឹងសម្រេចអំពីទិសដៅថ្មីនិងវិធីនៃការតស៊ូស្របតាមតម្រូវការនៃបដិវត្តន៍។
គួរបញ្ជាក់ជាថ្មីថា លោកត្រាំនិងលោកគីមបានរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាដែលនៅទីនោះ មេដឹកនាំកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
ប៉ុន្តែការបរាជ័យរបស់គូប្រជែងទាំងពីរដើម្បីឈានដល់កិច្ចព្រមព្រៀងនៅឯជំនួបកំពូលលើកទី២ក្នុងទីក្រុងហាណូយស្តីពីការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងក្នុងការដោះដូរជាមួយនឹងវិធានកាប្រឆាំងនឹងខ្លួនបានលើកឡើងជាសំណួរអំពីអនាគតនៃដំណើរការដ៏ធំទូលាយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments