Ad Code

សមត្ថកិច្ច​នគរបាល​ខេត្ត បន្ត​ចុះ​ផ្សព្វផ្សាយ និង​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​នៅតាម​គោលដៅ ក្នុង​ខេត្ត​ប៉ៃលិន ​



​ប៉ៃលិន ​៖ នៅព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​ផ្សព្វផ្សាយ ព្រមទាំង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ នៅតាម​គោលដៅ​នានា​ក្នុង​ខេត្ត​ប៉ៃលិន ក្នុង​គោលបំណង ដើម្បី​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងការ​ធ្វើដំណើរ​កម្សាន្ត នា​ពិធី​បុណ្យជាតិ​ខាងមុខនេះ​។​

បើតាម​ លោក​វរសេនីយ៍ទោ ជា សីហា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ ជា​រៀងរាល់ឆ្នាំ ជាពិសេស​មុន​ថ្ងៃបុណ្យ​ជាតិ​ធំៗ ប្រជាពលរដ្ឋ​មួយចំនួន បាន​ឈប់សម្រាក​ពី​ការងារ ជាក់ស្តែង​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នឹង​ខិតជិត​ចូលមក​ដល់ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិបាលខេត្ត និង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត បាន​ជំរុញ​ដល់​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ឲ្យ​បន្ត​ចុះ​ផ្សព្វផ្សាយ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ តាម​ដងផ្លូវ ដើម្បី​ក្រើនរំលឹក​ឲ្យ​មាន​ការប្រុងប្រយ័ត្ន ក្នុងការ​ធ្វើដំណើរ​តាម​យាន្ត​ជំនិះ​គ្រប់​ប្រភេទ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

លោកនាយ​ការិយាល័យ​ចរាចរណ៍ បាន​បន្តថា​ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ អ្នកជិះ​ម៉ូតូ​គ្រប់​ប្រភេទ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជាប់ ជាប្រចាំ​ទាំង​អ្នក​ឌុប និង​អ្នកជិះ​ពីក្រោយ ហើយ​ត្រូវគោរព​ស្លាក​សញ្ញា​ចរាចរណ៍ នៅតាម​ដងផ្លូវ​នានា តាម​គោលដៅ​មិនត្រូវ​បើក​ក្នុង​ល្បឿន​លឿន​ហួសកំណត់​ឡើយ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បើកបរ ត្រូវ​ពាក់​ខ្សែក្រវាត់​ឲ្យ​បាន​គ្រប់គ្នា ហើយ​បើក​ក្នុង​ល្បឿន​តាមច្បាប់​កំណត់ ហាម​បើ​ជែង​គ្នា ដែល​បង្កឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ក្នុងនោះ​ក៏​មាន​ការណែនាំ​ដល់​ម្ចាស់​រថយន្ត ដែល​ដឹក​សំពីងសំពោង​លើ​រថយន្ត គ្មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។​

ក្នុងឱកាស​នោះដែរ ប្រជាពលរដ្ឋ ដែល​ទទួលបាន​ការអប់រំ តាម​សមត្ថកិច្ច​តាម​គោលដៅ បាន​សំដែង នូវ​ការ​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បានផ្តល់​ឯកសារ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ច្បាប់​ចរាចរណ៍ ដល់​ពួកគាត់ និង​បាន​ប្ដេជ្ញា​ចិត្ត​ថា យើង​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ការគោរព​ច្បាប់​ចរាចរណ៍ គឺ​ផ្តើមចេញពី​ខ្លួន​យើង​ជាមុន​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu