ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យបានប្រកាសពីការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kirstjen Nielsen ដែលនេះបានគូសបញ្ជាក់ពីចេតនារបស់លោកក្នុងការពង្រឹងគោលនយោបាយអន្តោប្រវេសន៍ស្របពេលមានការកើនឡើងនៃការឆ្លងដែនខុសច្បាប់នៅតាមបណ្តោយព្រំដែនភាគខាងត្បូង។
ការចាកចេញរបស់លោកស្រី Nielsen បានបញ្ចប់ពីការបញ្ចប់ទំនាក់ទំនងដ៏លំបាកជាមួយមេរបស់លោកស្រីដែលត្រូវបានគេនិយាយថា មិនសប្បាយចិត្តនឹងសកម្មភាពរបស់លោកស្រីបើទោះបីជាលោកស្រីមានភក្តីភាពយ៉ាងស្មោះស្ម័គ្រនិងបានការពារយ៉ាងពេញទំហឹងចំពោះគោលនយោបាយដ៏ចម្រូងចម្រាសបំផុតរបស់លោកប្រធានាធិបតីក៏ដោយ។
អំឡុងពេល១៨ខែរបស់លោកស្រីក្នុងនាមជាអ្នកដឹកនាំនៃភ្នាក់ងារដ៏មានអំណាច ស្ត្រីអាយុ៤៦ឆ្នាំរូបនេះបានក្លាយទៅជានិមិត្តរូបនៃការអនុវត្តដ៏ចម្រូងចម្រាសក្នុងការបំបែកកូនពីឪពុកម្តាយរបស់ពួកគេដោយលោកស្រីបានផ្តោតគោលដៅជាញឹកញាប់ទៅលើក្រុមនានាហើយបក្សប្រឆាំងគឺបក្សប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឲ្យលោកស្រីលាលែងពីតំណែង។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនគ្រប់គ្រាន់ឡើយសម្រាប់លោក Trump ។
លោក Trump បានបង្ហោះ Twitter កាលពីថ្ងៃអាទិត្យថា “រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Kirstjen Nielsen នឹងចាកចេញពីតំណែងរបស់លោកស្រីហើយខ្ញុំសូមអរគុណសម្រាប់ការងាររបស់លោកស្រី”។
លោកបានបន្ថែមថា លោក Kevin McAleenan ស្នងការគយនិងការពារព្រំដែនសហរដ្ឋអាមេរិកនឹងក្លាយជារដ្ឋមន្ត្រីស្តីទី។
ការប្រកាសនេះបានធ្វើឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រី Nielsen និងលោក Trump បានទៅមើលព្រំដែនម៉ិកស៊ិកក្នុងរដ្ឋកាលីហ្វ័រនីញ៉ារួមគ្នាដោយលោកប្រធានាធិបតីបានផ្តល់សារដ៏ម៉ឺងម៉ាត់មួយដល់ជនអន្តោប្រវេសន៍ខុសច្បាប់និងអ្នកស្វែងរកសិទ្ធិជ្រកកោនថា “ប្រទេសរបស់យើងពេញហើយ”។
ថ្វីបើមានការព្រមានអំពីផលវិបាកខាងសេដ្ឋកិច្ចធ្ងន់ធ្ងររួមទាំងការរិះគន់ពីអ្នកសាធារណរដ្ឋកំពូលៗក៏ដោយ ក៏លោក Trump នៅតែគំរាមម្តងហើយម្តងទៀតដើម្បីបិទព្រំដែនអាមេរិក - ម៉ិកស៊ិកដោយទាមទារឲ្យសភានិងរដ្ឋាភិបាលអាមេរិកកណ្តាលធ្វើសកម្មភាពដើម្បីបញ្ឈប់លំហូរជនចំណាកស្រុក។
ការប៉ាន់ស្មានរបស់ភ្នាក់ងារល្បាតតាមព្រំដែនបានកំណត់ចំនួនជនចំណាកស្រុកដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិកមានជាង១០០,០០០នាក់នៅក្នុងខែមីនាដែលភាគច្រើនមកពីប្រទេសអែលសាល់វ៉ាឌ័រ ហុងឌូរ៉ាស់និងហ្គាតេម៉ាឡា។ លោក Trump បានកាត់ផ្តាច់ជំនួយទៅដល់ប្រទេសទាំងបីនេះកាលពីខែមុនដើម្បីឆ្លើយតបចំពោះការកើនឡើងនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments