កំពង់ធំ ៖ បុរសម្នាក់ ជក់បារីបណ្តើរ ផ្ទេរប៊ីដុងសាំងបណ្តើរ បណ្តាលឲ្យភ្លើងបារីឆាបរាលដល់សាំងស្រោចពេញខ្លួន ឆាបឆេះយ៉ាងសន្ធោសន្ធៅ រលាកពេញខ្លួន រងរបួសធ្ងន់ កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ចំណុចកសិដ្ឋានក្រុមហ៊ុន ភឿកវ៉ា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ។
ជនរងគ្រោះ ឈ្មោះ ផេង ចាន់ ភេទប្រុស អាយុ36 ឆ្នាំ រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នជាកម្មករចៀរជ័រកៅស៊ូ នៅចំណុចកើតហេតុខាងលើ។
តាមការរៀបរាប់របស់ ឈ្មោះចាន់ ដាលី ភេទស្រី អាយុ10ឆ្នាំ និង ឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ8ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួនញៀនបារី បានយកប៊ីដុងសាំងចំណុះ30 លីត្រមកចាក់ផ្ទេរ ចូលទៅប៊ីដុងចំណុះ05លីត្រ នៅចំពីមុខផ្ទះស្នាក់នៅ។ ពេលកំពុងផ្ទេរសាំងនេះ ស្រាប់តែស្រោចលើខ្លួនប្រាណ ខណៈកំពុងជក់បារី ក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះខ្លួន(កូន)បានស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ។
ឈ្មោះ ហ៊ន ស្រីណែត ភេទស្រី អាយុ25 ឆ្នាំ ជាអ្នកដឹងហេតុការណ៍បានឲ្យដឹងថា មានអ្នកជាប់នឹងផ្ទះរបស់រងគ្រោះ បានចេញពីក្នុងផ្ទះមកប្រទះឃើញភ្លើងកំពុងឆាបឆេះលើ ឈ្មោះ ផេង ចាន់ យ៉ាងសន្ធោសន្ធៅ នៅមុខផ្ទះខ្លួន ពេលនោះ ត្រូវបានកម្មករជាច្រើននាក់ កំពុងរៀនជាជ័រកៅស៊ូ នៅមុខផ្ទះបានមកជួយពន្លត់ភ្លើង។ ក្រោយពន្លត់ភ្លើងរលត់បានឃើញជនរងគ្រោះ ឆាបឆេះរលាកពេញខ្លួន ប្រាណ ស្រែកននៀលដី។ បន្ទាប់មក បានឃើញក្រុមហ៊ុនយកឡានមកដាក់ជនរងគ្រោះយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បាត់ទៅ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋអំណាចភូមិ ដើម្បីពិនិត្យពីកន្លែងកើតហេតុ ឃើញមានប៊ីដុងចំនួន02 មួយចំណុះ 30លីត្រ និងមួយទៀតចំណុះ05លីត្រ ពណ៌ខៀវ មានស្នាមឆេះនៅចំមុខផ្ទះជនរងគ្រោះ ឈ្មោះ ផេង ចាន់ ហើយជនរងគ្រោះ ត្រូវបានសាច់ញាតិបងប្អូន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕
Source: Kampuchea Thmey Daily
0 Comments