ភ្នំពេញ ៖ តារាវ័យក្មេងរូបសង្ហារ លោក ស្រេង ឈៀងឡេង ទើបតែបានបង្ហាញមុខក្នុងសិល្បៈមិនបានមួយប្រាវផង ស្រាប់តែមានយីអ៊ុនមែនទែន ដោយសារតែលោកមានឱកាសចាប់ដៃជាមួយលោក សែន ណារ៉ា ដែលគេស្គាល់ថាជាម្ចាស់ដីពុះឡូត៍ជោគជ័យ បើកគម្រោងដីឡូត៍រួមគ្នា ធ្វើថៅកែយ៉ាងព្រងើយ។
គម្រោងរបស់លោក និងដៃគូជំនួញ បានក្រុងពាលីលើផ្ទៃដីជាច្រើនហិកតារ កាលពីរសៀលថ្ងៃទី៦ មេសា ខណៈដែលក្នុងពិធីនោះក៏មានការប្រកាសថា លក់អស់ប្រមាណជា៦០ភាគរយទៅហើយ តាំងពីពេលមិនទាន់កាត់ខ្សែបូផ្លូវការ។
លោក ស្រេង ឈៀងឡេង បានអះអាងថា វិស័យសិល្បៈលោកគ្រាន់តែស្រលាញ់ និងចង់បង្ហាញមុខឲ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ដិ និងអ្នកស្គាល់គ្នានៅក្នុងសិល្បៈប៉ុណ្ណោះ ប៉ុន្តែបើឲ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារពីអ្នកលក់ដីឡូត៍ឲ្យលោក សែន ណារ៉ា ក៏ក្លាយជាដៃគូភាគហ៊ុនលើគម្រោងទី១០របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថានេះគឺជាជំហានជោគជ័យធំមួយដែលលោកតស៊ូ។
លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូត៍ក្នុងភាគហ៊ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោងស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែលហ៊ុមព័ទ្ធដោយរោងចក្រធំៗ ខណៈដែលលោក ក៏នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារ ក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្បៈនោះទេ ដោយក្រៅពីទទួលថតឲ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៏គម្រោងចេញបទផ្ទាល់ខ្លួនក្នុងពេលដកឃ្លាបាននោះផង។
លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឲ្យលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិប បើកគម្រោងដីឡូត៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថាការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង នឹងធ្វើឲ្យមុខជំនួញរបស់លោក មានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។
លោកថា លោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនងក្នុងមុខជំនួញដ៏ខ្លាំងទើ បលោកយល់ថា គម្រោងទី១០ ដែលលោកសម្រេចចិត្តបើកលក់ដោយចូលហ៊ុនជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។ ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៌ឲ្យខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរួមចំណែកជួយសង្គម៕
Source: Kampuchea Thmey Daily
0 Comments