Ad Code

សម្តេច​តេ​ជោ សែន ដាក់​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ចំនួន​៤ ​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​ក្នុងការ​បញ្ជូន​ខ្សែ​អគ្គិសនី​២៣០ និង​៥០០​គីឡូវ៉ុល ភ្នំពេញ​-​ព្រះសីហនុ



ភ្នំពេញ​ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ចំនួន​៤ ដែល​ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​ក្នុងការ​បញ្ជូន​ខ្សែ​អគ្គិសនី​២៣០ និង​៥០០​គីឡូវ៉ុល ភ្នំពេញ​-​ព្រះសីហនុ ក្នុង​រយៈពេល​៥​ខែ ហើយ​ក្នុង​ករណី​ចាំបាច់​ត្រូវ​ប្រើ​ច្បាប់​ស្ដីពី​អស្សាមិករណ៍។

ការ​ចេញ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​នា​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​ ខណៈ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជួប​បញ្ហា ដោយសារ​ទី​តាំង​ដី​មួយ​ចំនួន​ជា​របស់​ក្រុមហ៊ុន​ធំៗ និង​មួយចំនួនទៀត ជា​របស់​អ្នក​មាន​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល។

យោង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្ដីពី​វិធានការ​ដោះស្រាយ​បន្ទាន់​ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ភ្នំពេញ​-​ព្រះសីហនុ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​សង្កេត​ឃើញថា មាន​ផលប៉ះពាល់​ដល់​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ដែលជា​ខ្សែ​បញ្ជូន​អគ្គិសនី ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ដើម្បី​បញ្ជូន​ថាមពល​ពី​ប្រភព​ភាគខាងត្បូង​មកប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្ដាញ​ជាតិ​ទាំងមូល ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ចុងខែ​មករា ឆ្នាំ​២០២០​ខាងមុខនេះ។

តាម​បទបញ្ជា ខ្សែ​បញ្ជូន​នេះ​មាន​បង្គោល​សរុប​៤២១​បង្គោល ហើយ​បាន​ដោះស្រាយ​រួចរាល់​ចំនួន​៣៤៩​បង្គោល នៅសល់​ចំនួន​៧២ បង្គោល​ទៀត ដែល​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ដី​របស់​បណ្ដា​ក្រុមហ៊ុន​ធំៗ និង​អ្នកមាន​តួនាទី​នៅក្នុង​រាជរដ្ឋាភិបាល ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត​ចំនួន​៤ រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ហើយ​ដើម្បី​ធានា​អោយ​ការកសាង​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​តាម​ផែនការ រាជរដ្ឋាភិបាល​សូម​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី ខេត្ត ទាំង​៤ ត្រូវ​៖

ទី​១, អភិបាល​រាជធានី​ភ្នំពេញ អភិបាលខេត្ត​កណ្តាល កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ត្រូវ​ធ្វើជា​ប្រធាន​ដឹកនាំ​ការងារ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយផ្ទាល់​តែម្ដង​។ ទី​២, ក្រុមការងារ​ពិសេស​ថ្មី​ខាងលើនេះ ត្រូវ​បញ្ចប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ប្រគល់​ដី​មក​ឲ្យ​ក្រុមហ៊ុន​សាងសង់​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ភ្នំពេញ ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​៥​ខែ​យ៉ាងយូរ ចាប់ពីពេលនេះ​តទៅ​។​ទី​៣, ក្នុងករណី​ចាំបាច់​អភិបាល​រាជធានី ខេត្ត ត្រូវ​ប្រើ​វិធានការ​រដ្ឋបាល​ស្របតាម​ច្បាប់​ស្ដីពី​អស្សាមិករណ៍​ជា​ធរមាន ក្នុងករណី​សំណង​សមស្រប​មិនត្រូវ​បានទទួល​យក ដោយ​ម្ចាស់​ដី​ដើម្បី​ធានាថា គម្រោង​ដែលជា​ប្រយោជន៍​ជាតិ​នេះ​ពុំ​ត្រូវបាន​អូសបន្លាយ​ជា​បន្ត​។ ទី​៤, អភិបាល​រាជធានី ខេត្ត ទាំង​៤ ខាងលើ ត្រូវធ្វើ​របាយការណ៍​ជា​រៀងរាល់ថ្ងៃ​អំពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​ផលប៉ះពាល់​ខាងលើ​មក​រាជរដ្ឋាភិបាល​៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu