ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ គេបានរកឃើញហើយអ្នកឈ្នះទី១១ និងទី១២ សម្រាប់ឡើងទៅប្រកួតបន្ត នៅវគ្គជម្រុះជុំទី២ទៀតនោះ គឺ អេ អាំម៉ារីនភូថង និង ជី ឆៃលី។
អ្នកប្រដាល់អេ អាំម៉ារីនភូថង ក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានយកឈ្នះអ្នកប្រដាល់អេ រ៉ាវ៉ាន់ចាន់រាជ ក្លិបកុសលកីឡាដោយពិន្ទុ ។ អេ អាំម៉ារីនភូថងឈ្នះដាច់លើគូប្រកួតតែម្ដង គឺចៅក្រមទាំង៥ សុទ្ធតែផ្ដល់ពិន្ទុឲ្យអ្នកប្រដាល់រូបនេះឈ្នះគ្រប់ៗគ្នាតែម្ដង។
អេ រ៉ាវ៉ាន់ចាន់រាជ ខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ រី ឯអ្នកប្រដាល់អេ អាំម៉ារីនភូថង ត្រូវបានឡើងទៅប្រកួតនៅវគ្គជម្រុះជុំទី២បន្តទៀត។
អ្នកឈ្នះក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ជី ឆៃលី ក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ សល់ ស្រស់ក្លិបសែន សុខគុនខ្មែរមុនស្នូរជួងបញ្ចប់ទឹកទី៣។
ឆៃលីមានប្រៀបលើគូប្រកួតតាំងពីដើមទឹកទី១ មកម្ល៉េះ។ សល់ ស្រស់ ត្រូវអាជ្ញាកណ្ដាលរាប់៨ នៅទឹកទី១ និងទឹកទី២ ហើយមកដល់ទឹកទី៣ គេក៏បោះបង់ចោលការប្រកួតតែម្ដងទៅ។ សល់ ស្រស់ អស់ឱកាសដើម្បីឡើងទៅប្រកួតបន្ដនៅជុំទី២ហើយ រីឯ ជី ឆៃលី គេកក់កៅអីសម្រាប់ឡើងទៅប្រកួតជុំទី២ ដែលជុំដ៏តឹងតែងជាងនេះ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជា តាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្ដួលអ្នកប្រដាល់ថៃយ៉ត កាតាន់យូ(Yorth Katanyou)ឲ្យចុះចាញ់នៅទឹកទី៣។
អ្នកប្រដាល់ថៃរូបនេះ ត្រូវអាជ្ញាកណ្ដាលរាប់នៅទឹកទី២ចំនួន២លើក បន្ទាប់ពីទទួលរងការវាយប្រហារដោយសាយសារកែងរបស់ មករា នោះ។ នៅទឹកទី៣ ដោយសារមានរបួស ហើយអ្នកប្រដាល់រូបនេះ មិនមានសមត្ថភាព ដើម្បីតស៊ូជាមួយមករាបាននោះ អាជ្ញាកណ្ដាលក៏បញ្ឈប់តែម្ដង ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះ ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង បានផ្ដួលអ្នកប្រដាល់លន សៀកឡេង ក្លិបថ្នល់ទទឹងកីឡានៅទឹកទី៤។
សៀកឡេង ត្រូវឆាយ មាស វាយឲ្យមានរបួសចិញ្ចើមនៅទឹកទី៣ ហើយនៅទឹកទី៤គេត្រូវ ឆាយ មាសវាយឲ្យសន្លប់តែម្ដង៕
Source: Kampuchea Thmey Daily
0 Comments