Ad Code

មេដឹកនាំ​គណបក្សប្រឆាំង​កាណាដា​រង​ការ​គំរាម​ដាក់ពាក្យ​បណ្តឹង​ដោយ​លោក Trudeau



មេដឹកនាំ​គណបក្សប្រឆាំង​របស់​ប្រទេស​កាណាដា​កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បាន​គំរាម​គាត់​ជាមួយនឹង​ករណី​បរិហារកេរ្តិ៍​លើ​មតិយោបល់​របស់គាត់​អំពី​រឿងអាស្រូវ​នយោបាយ​មួយ​ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត​របស់​ប្រទេស​នេះ​។​

លោក Andrew Scheer ប្រធាន​គណបក្ស​អភិរក្ស​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​បានទទួល​លិខិត​មួយ​ពី​មេធាវី​របស់លោក Trudeau ដែល​ចោទប្រកាន់​លោក​ពីបទ​និយាយ “​បរិហារកេរ្តិ៍​ខ្លាំងក្លា​” ដែល​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ឯកសារ​ជាច្រើន​ដែល​បញ្ចេញ​ដោយ​អតីត​អគ្គរាជអាជ្ញា​លោកស្រី Jody Wilson-Raybould កាលពី​បំណាច់​ខែមីនា​។​

លោក Trudeau បាន​ស្ថិតនៅក្រោម​សម្ពាធ​ចាប់តាំងពី​ខែកុម្ភៈ​មក​នៅពេលដែល​លោកស្រី Wilson-Raybould បាន​ចោទប្រកាន់​គាត់​និង​រង្វង់​ផ្នែក​ខាងក្នុង​របស់គាត់​ថា​បានដាក់​សម្ពាធ​នយោបាយ​ដើម្បី​ទប់ស្កាត់​ការកាត់ក្តី​លើ​ក្រុមហ៊ុន​វិស្វកម្ម SNC-Lavalin ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​អំពើពុករលួយ​នៅក្នុង​ប្រទេស​លី​ប៊ី​។​

កាលពី​ថ្ងៃទី​២៩​ខែមីនា អតីត​អគ្គរាជអាជ្ញា​បាន​បញ្ចេញ​ឯកសារ​ថ្មី​ចំនួន​៤៣​ទំព័រ​ដែល​ព្យាយាម​ផ្សារភ្ជាប់​ការទម្លាក់​តំណែង​របស់​លោកស្រី​កាលពី​ខែមករា​ទៅនឹង​ផលប័ត្រ​ផ្សេងទៀត​ដោយសារតែ​ការតស៊ូ​របស់លោក​ស្រី​ចំពោះ​សម្ពាធ​ឲ្យ​ដោះស្រាយ​ករណី​ក្រុមហ៊ុន SNC-Lavalin ។​

លោក Scheer បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា បាន​កុហក​ប្រជាជន​កាណាដា​និង​ពុករលួយ​។​
​លោក​បាន​ថ្កោលទោស​ការ​គំរាម​ដាក់ពាក្យ​បណ្តឹង​នេះ​ថា​ជា “​យុទ្ធសាស្ត្រ​បំភិតបំភ័យ​” របស់​នាយករដ្ឋមន្ត្រី​។ លោក​បាន​និយាយថា “​វា​គឺជា​ការប៉ុនប៉ង​បន្ថែមទៀត​ដើម្បី​បំបិទមាត់​អ្នក​ដែល​កំពុង​ក្រោកឈរ​ប្រឆាំង​និង​ស្វែងរក​ការពិត​”​។​

អ្នកនាំពាក្យ​ម្នាក់​របស់លោក Trudeau បាន​និយាយ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ថា លិខិត​នេះ​ត្រូវបាន​ផ្ញើ​ទៅ​ឲ្យ​លោក Scheer ដើម្បី​បញ្ជាក់ថា មាន​ផលវិបាក​សម្រាប់​ការចេញ​សេចក្តីថ្លែងការណ៍​ខុសឆ្គង​។​

លោក Scheer បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​ភ្លាមៗ​ដោយ​និយាយថា លោក​លែងមាន​សិទ្ធិអំណាច​ខាង​សីលធម៌​ដឹកនាំ​ទៀតហើយ​និង​បានទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​សាធារណៈ​មួយ​ទៅលើ​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu