កណ្ដាល ៖ យ៉ាងហោចណាស់មនុស្សម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស រងរបួសធ្ងន់ធ្ងររលាករលួយខ្លួនប្រាណ ត្រូវបានគេជួយសង្គ្រោះចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ និងរថយន្តស៊េរីទំនើប២គ្រឿង ម៉ូតូ១គ្រឿង ផ្ទះលក់សម្ភារៈក្មេងលេង ត្រូវអណ្ដាតភ្លើងឆេះផ្ដើមឡើង ដោយការផ្ទុះធុងហ្គាស៍បំពាក់ក្នុងរថយន្តប្រើជំនួសសាំង និងម៉ាស៊ូត។
ហេតុការណ៍អគ្គិភ័យ ផ្តើមចេញពីការផ្ទុះធុងហ្គាស៍បំពាក់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងក្រុងតាខ្មៅខេត្តកណ្តាល។
បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍នៅកន្លែងកើតហេតុប្រាប់អោយដឹងថា ជនរងគ្រោះរបួសរលាករលួយនោះ ឈ្មោះ ងន គន្ធា ភេទប្រុស ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសផ្នែកនីតិវិធីនៃការិយាល័យប្រឆាំងភេរវកម្មស្នងការព័ត៌មាន និងសន្តិសុខ មានឋានន្តរសក្ដិវរសេនីយ៍ទោ។ ដោយឡែករថយន្ត២គ្រឿង ត្រូវភ្លើងឆេះម៉ាកឡិចស៊ីសGX៤៧០និង១គ្រឿងទៀតម៉ាកឡិចស៊ីសRX៣៣០។
សាក្សីឃើញហេតុការណ៍និយាយថា នៅផ្លូវមាត់ស្ទឹងពីខាងត្បូងមុខផ្សារតាខ្មៅចាស់ មានរថយន្តម៉ូតូឆ្លងកាត់ទៅមកជាច្រើន(ទីប្រជុំជន) ស្រាប់តែនៅវេលាម៉ោងជាង១រសៀល គេឃើញរថយន្តឡិចស៊ីសGX៤៧០ បើកក្នុងល្បឿនយឺតៗដល់មុខផ្ទះលក់សម្ភារៈក្មេង(ជ័រ) ក៏ឮសំឡេងផ្ទុះយ៉ាងខ្លាំងត្រង់ក្បាលរថយន្ត។ បន្ទាប់មកផ្សែងខ្មៅ និងអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ហើយរថយន្តឡិចស៊ីស១គ្រឿងម៉ាRX៣៣០ ដែលដំណើរទន្ទឹមគ្នាលាន់សំឡេងផ្ទុះធុងហ្គាស៍ដែរ ក៏រាលដាលដល់ម៉ូតូ១គ្រឿង និងផ្ទះលក់សម្ភារៈជ័រឆេះបន្តិចបន្តួច។
សាក្សីបន្តថា ពេលឃើញអណ្តាតភ្លើងឆាបឆេះរថយន្តGX៤៧០មានមនុស្សប្រុសម្នាក់ បើកទ្វាររថយន្តស្រែកយ៉ាងសន្ធាប់ជួយខ្ញុំផង ជួយខ្ញុំផង ដោយសំលៀកបំពាក់ពោរពេញអណ្តាតភ្លើងឆេះរលាករលួយខ្លួនប្រាណ។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅជិតនោះ បានជួយអន្តរាគមន៍យកទឹកទៅជះពន្លត់ភ្លើង ហើយក្រុមរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលរហ័សរហែងបាញ់ទឹកពន្លត់មិនអោយរាលដាល និងរលត់ជាស្ថាពរភ្លាមៗផងដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ ប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា នៅក្នុងរថយន្តរបស់ប្ដីខ្លួនមានអ្នករួមដំណើរចំនួន២នាក់ទៀត ក៏បានរងរបួសធ្ងន់ផងដែរ ប៉ុន្តែប្ដីរបស់ខ្លួនមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតប្រាប់ថា មានសង្ឃឹមរស់មិនដល់១ភាគរយផង។ ចំណែកករណីដែលថា រថយន្តផ្ទុះ ខណៈកំពុងធ្វើដំណើរនោះគឺមិនពិតទេ តាមពិតវាផ្ទុះឡើង ខណៈប្ដីខ្លួនបានឈប់រថយន្ត ហើយបើកគូទឡាន ដើម្បីយកកាដូរឲ្យគេ ស្រាប់តែផ្ទុះឆេះតែម្ដង។
ចំពោះមូលហេតុ ដែលបណ្ដាលឲ្យកើតមានអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់អោយដឹងនៅឡើយ ដោយកំពុងដុតដៃដុតជើងជួយសង្គ្រោះមនុស្ស និងពន្លត់អណ្តាតភ្លើង តែយ៉ាងណាគេឃើញថា អគ្គិភ័យនេះផ្តើមឡើងពីការផ្ទុះហ្គាស៍ ដែលបំពាក់ក្នុងរថយន្ត៕
Source: Kampuchea Thmey Daily
0 Comments