ភ្នំពេញ ៖ ការបង្ក្រាបនៅក្លិបកម្សាន្តម៉ៃ អាមី កាលពីរាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ យ៉ាងហោចណាស់គឺមានយុវជនប្រុស/ស្រីចំនួន៣២នាក់ ដែលផ្ទុកសារធាតុញៀននៅក្នុងខ្លួន ក្នុងចំណោមមនុស្សប្រុស/ស្រី ចំនួនជាង៥០នាក់ ដែលឃាត់ខ្លួន និងគ្រឿងញៀនច្រើនប្រភេទដែលផលិតរួច ប្រមាណជាង១០គីឡូក្រាម ត្រូវបានរឹបអូស។
នេះជាលទ្ធផលបណ្ដោះអាសន្ន ដែលសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ដល់ព័ត៌មានឲ្យអ្នកកាសែត។
ចំពោះនរណាជាម្ចាស់ក្លឹបដែលទទួលខុសត្រូវអាជីវកម្មខុសច្បាប់នេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនទេ ប៉ុន្តែជាក់ស្ដែងទើបតែមានមេការក្លឹប៣នាក់ប៉ុណ្ណោះ ត្រូវឃាត់ខ្លួន ក្នុងនោះ មានស្ត្រី២នាក់ និងបុរសម្នាក់ត្រូវចាប់ខ្លួន។
បើតាម លោក ស ថេត ក្លិបកម្សាន្តម៉ៃ អាមី ក្នុងខណ្ឌចំការមន ជាកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ ដោយឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀនមួយចំនួន ព្រមទាំងសារធាតុញៀនមួយចំនួនផងដែរ។
លោកស្នងការបន្តថា កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពី លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។
សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ទីតាំងមួយនេះ អាជ្ញាធរ បានចុះមកធ្វើការហាមឃាត់ចំនួន៣ដងមកហើយ ថែមទាំងបានបិទលែងឲ្យដំណើរការទៀតផង តែមិនបានយូរប៉ុន្មាន ក៏បើកវិញដដែល។
សូមបញ្ជាក់ថា ការបង្ក្រាបទ្រង់ទ្រាយធំលើកនេះ ប្រហាក់ប្រហែលនឹងការបង្ក្រាបនៅរ៉ុក របស់ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្ត រ៉ុក ផងដែរ។
ចំពោះវត្ថុតាង និងមនុស្ស ជាប់ពាក់ព័ន្ធទាំងអស់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments