ការប៉ុនប៉ងរបស់ប្រទេសអ៊ីស្រាអែលក្នុងការចុះចតនៅឋានព្រះចន្ទ បានបរាជ័យនៅនាទីចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលយានអវកាសមានបញ្ហាម៉ាស៊ីន ខណៈវារៀបនឹងចុះចតនិងបានធ្លាក់ចូលទៅក្នុងផ្ទៃព្រះចន្ទ។
អ្នកបង្កើតគម្រោងនិងអ្នកគាំទ្រដ៏ធំលោក Morris Kahn បាននិយាយនៅក្នុងវីដេអូខ្លីមួយដែលផ្សាយផ្ទាល់ចេញពីស្ថានីយគ្រប់គ្រងបេសកកម្មនៅក្បែរទីក្រុង Tel Aviv ថា “យើងធ្វើវាមិនបានទេប៉ុន្តែយើងពិតជាព្យាយាម”។ លោកនិយាយថា “ខ្ញុំគិតថា សមិទ្ធផលនៃការទៅកន្លែងដែលយើងទទួលបានពិតជាអស្ចារ្យណាស់ ខ្ញុំគិតថាយើងអាចមានមោទនភាព”។
ក្នុងអំឡុងពេលនៃការផ្សាយនេះ បុគ្គលិកគ្រប់គ្រងអាចត្រូវបានគេឮនិយាយថា ម៉ាស៊ីនបានធ្វើឲ្យការចុះចតរបស់យានអវកាសមានលក្ខណៈយឺតនិងបណ្តាលឲ្យការចុះចតត្រូវទទួលបរាជ័យហើយទំនាក់ទំនងជាមួយវាត្រូវបាត់បង់។
បុគ្គលិកម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយថា “យើងស្ថិតនៅលើព្រះចន្ទប៉ុន្តែមិនមែនលើផ្លូវដែលយើងចង់បានទេ”។ មនុស្សម្នាក់ទៀតបាននិយាយថា “យើងគឺជាប្រទេសទី៧ដែលធ្វើគោចរលើភពព្រះច័ន្ទហើយជាប្រទេសទីបួនដែលបានទៅដល់ផ្ទៃរបស់ព្រះចន្ទ”។
មានតែប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកនិងចិនប៉ុណ្ណោះដែលបានធ្វើដំណើរចម្ងាយ៣៨៤,០០០គីឡូម៉ែត្រហើយបានចុះចតដោយសុវត្ថិភាពនៅលើឋានព្រះចន្ទ។
យានអវកាសគ្មានមនុស្សបើកទម្ងន់៥៨៥គីឡូក្រាមមួយនេះមានឈ្មោះថា Beresheet។
អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល SpaceIL និងក្រុមហ៊ុនឧស្សាហកម្មអវកាសអ៊ីស្រាអែលគ្រប់គ្រងដោយរដ្ឋ (IAI) ដែលជាដៃគូដ៏សំខាន់របស់គម្រោងនេះបានចាត់ទុកវាថាជា “យានអវកាសដំបូងគេបង្អស់ក្នុងពិភពលោកដែលបង្កើតឡើងនៅក្នុងបេសកកម្មមិនមែនរដ្ឋាភិបាល”។
លោក Khan ដែលជាសប្បុរសជននិងជាប្រធានអង្គការ SpaceIL បានដាក់ប្រាក់ចំនួន៤០លានដុល្លារក្នុងកញ្ចប់ថវិកា១០០លានដុល្លាររបស់គម្រោងនេះ។
យោងតាមគេហទំព័ររបស់ IAI បានឲ្យដឹងថា ដៃគូផ្សេងៗទៀតដែលបានចូលរួមនៅពេលក្រោយគឺមកពីវិស័យឯកជន រដ្ឋាភិបាលនិងសាកលវិទ្យាល័យ៕ AFP
Source: Kampuchea Thmey Daily
0 Comments