ភ្នំពេញ ៖ អភិបាល នៃគណៈអភិបាលភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យដំណើរការ រថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដោយមិនយកប្រាក់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មិនមែនធ្វើដើម្បីយកចំណេញសន្លឹកឆ្នោតនោះទេ តែជាការចែករំលែក ក្នុងការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ការលើកឡើងរបស់អភិបាលរាជធានីបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ជូនដំណើរ និងពិនិត្យទីតាំងចំណតរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ។
លោក ឃួង ស្រេង បានលើកឡើងបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់ រថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ចំនួន១២០គ្រឿង ដោយដាក់គោលដៅ នៅជាប់ផ្លូវជាតិធំៗ មួយចំនួន ដើម្បីងាយស្រួល ធ្វើដំណើរទៅតាមបណ្ដាខេត្តនានា ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។
លោកថា សម្រាប់ថ្ងៃទី១នេះ មានប្រជាពលរដ្ឋច្រើន បានទៅទទួលសេវាការជិះរថយន្តក្រុង ជាមួយនឹងទឹកមុខសប្បាយរីករាយ និងការថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សម្រាប់ការងារខាងលើនេះ មានមជ្ឈដ្ឋានមួយចំនួន បានរិះគន់ទៅលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្ដេចតេជោ ថា នេះជាសកម្មភាព គ្រាន់តែជាការ កេងចំណេញសន្លឹកឆ្នោតតែប៉ុណ្ណោះ។
ចំពោះការរិះគន់នេះ ត្រូវបាន លោក ឃួង ស្រេង បញ្ជាក់ថា ការដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដោយមិនយកប្រាក់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មិនមែនធ្វើដើម្បីយកចំណេញសន្លឹកឆ្នោតនោះទេ តែជាការចែករំលែក ក្នុងការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។ បើដើម្បីតែសន្លឹកឆ្នោត សម្ដេចតេជោ មិនមែនបន្តសកម្មភាព ផ្តល់សេវា រថយន្តក្រុងសាធារណៈ ជូនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៩នេះ ពុំមានព្រឹត្តិការណ៍បោះឆ្នោតអ្វីឡើយ តែរាជរដ្ឋាភិបាល នៅតែគិតគូរបម្រើជូនប្រជាពលរដ្ឋដដែល។
គួររំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបញ្ចេញរថយន្តក្រុង ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ និងពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ជិះដោយមិនបង់ប្រាក់ (free) ដោយចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹក រីឯបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់រថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរ ចំនួន៤គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈ តាមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៩ ដោយមិនគិតប្រាក់ដូចគ្នាផងដែរ។
គួរបញ្ជាក់ថា ទីតាំងចេញដំណើរ ទៅតាមបណ្តារាជធានីខេត្ត ដែលរដ្ឋបាលរាជភ្នំពេញរៀបចំ មានដូចខាងក្រោម ៖
ផ្លូវជាតិ លេខ១ ផ្លូវជាតិ លេខ២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិ លេខ៤ ផ្លូវជាតិ លេខ៥ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និង ផ្លូវជាតិ លេខ៨ ដែរនឹងចាប់ផ្តើមចេញដំណើរ ចាប់ផ្តើម នៅថ្ងៃទី១២ ខែមេសា តែម្តង ហើយក្នុងនោះ ផ្លូវជាតិ លេខ១ ភ្នំពេញ កណ្តាល ស្វាយ រៀង ចំនួន៥គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង ចំនួន៥គ្រឿង សរុបចំនួន១០គ្រឿង។ ផ្លូវជាតិ លេខ២ ភ្នំពេញ ទៅ តាកែវ ចំនួន៥ គ្រឿង។ ផ្លូវជាតិ លេខ៣ ភ្នំពេញ ទៅ កែប ចំនួន៥គ្រឿង ភ្នំពេញ ទៅកំពត ចំនួន៥គ្រឿង សរុប ចំនួន១០គ្រឿង។ ផ្លូវជាតិ លេខ៤ ភ្នំពេញ ទៅ កំពង់ស្ពឺ ចំនួន៣គ្រឿង ភ្នំពេញ ទៅ ក្រុងព្រះសីហនុ ចំនួន៧គ្រឿង សរុប ចំនួន១០គ្រឿង។
ផ្លូវជាតិ លេខ៥ ភ្នំពេញ ទៅ កំពង់ឆ្នាំង ចំនួន៥គ្រឿង ភ្នំពេញ ទៅ ពោធិ៍សាត់ ចំនួន១០គ្រឿង ភ្នំពេញ ទៅ បាត់ដំបង ចំនួន១៥គ្រឿង ភ្នំពេញ ទៅ បន្ទាយមានជ័យ១៥គ្រឿង សរុបចំនួន៤៥ គ្រឿង។ ផ្លូវជាតិ លេខ៦ ភ្នំពេញ ទៅ កំពង់ធំ ចំនួន៥គ្រឿង ភ្នំពេញ ទៅ សៀមរាប ចំនួន១៥គ្រឿង សរុប ចំនួន២០គ្រឿង សម្រាប់ ផ្លូវជាតិ លេខ៦។ ផ្លូវជាតិ លេខ៦ និង ផ្លូវជាតិ លេខ៧ ពី ភ្នំពេញ ទៅ កំពង់ចាម ចំនួន៥គ្រឿង ភ្នំពេញ ទៅ ត្បូងឃ្មុំ ចំនួន៥គ្រឿង សរុប ចំនួន១០គ្រឿង។ ផ្លូវជាតិ លេខ៧ និង ផ្លូវជាតិ លេខ៨ ភ្នំពេញ ទៅ ក្រចេះ ចំនួន៥គ្រឿង ភ្នំពេញ ទៅ ស្ទឹងត្រែង ចំនួន៥ គ្រឿង សរុបចំនួន១០គ្រឿង។
ដូច្នេះ យើង មានទាំងអស់ចំនួន១២០គ្រឿង សម្រាប់ការជូនដំណើររបស់ប្រជាពលរដ្ឋរបស់យើង ចេញទៅចូលឆ្នាំ ហើយនឹងត្រឡប់ចូលក្រុងភ្នំពេញវិញ។ ពួកគាត់ អាចធ្វើដំណើរ ជ្រើសរើស តាម ផ្លូវនេះ។ ដូច្នេះ ខ្ញុំគិតថា ចូលឆ្នាំនេះ មានភាពសប្បាយរីករាយរបស់ប្រជាជនរបស់យើង ក្នុងការធ្វើ ដំណើរ »៕
Source: Kampuchea Thmey Daily
0 Comments