តារាកំប្លែងអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាអ្នកនយោបាយថ្មីនិងជាបេក្ខភាពសង្ឃឹមឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ទីក្រុងគៀវ នឹងធ្វើដំណើរទៅទីក្រុងប៉ារីសនៅថ្ងៃសុក្រដើម្បីជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។
ខណៈដែលមនុស្សជាច្រើននាំគ្នាគិតថាវាជារឿងកំប្លែងមួយក្នុងការប៉ុនប៉ងរបស់លោកដើម្បីដឹកនាំប្រទេសអ៊ុយក្រែនដែលជាប្រទេសមួយមានសង្គ្រាមជាមួយពួកឧទ្ទាមគាំទ្រដោយក្រុងមូស្គូនោះ, លោក Zelensky បានផ្តួលលោកប្រធានាធិបតី Petro Poroshenko នៅក្នុងការបោះឆ្នោតជុំដំបូង។ ការស្ទាបស្ទង់មតិបានព្យាករណ៍ថា លោកក៏នឹងឈ្នះការបោះឆ្នោតជុំទីពីរនៅថ្ងៃអាទិត្យខាងមុខនេះផងដែរ។
តារាសម្តែងរូបនេះនឹងត្រូវជួបលោក Macron នៅវិមាន Elysee។
ទន្ទឹមនឹងនេះដែរ លោក Poroshenko នឹងធ្វើដំណើរទៅទីក្រុងប៊ែរឡាំងដើម្បីជួបអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel មុននឹងជួបប្រជុំជាមួយលោក Macron ដូចគ្នានេះក្នុងទីក្រុងប៉ារីសនៅល្ងាចថ្ងៃដដែលនោះ។
មេដឹកនាំអ៊ុយក្រែនបាននិយាយថា កិច្ចពិភាក្សាមុនការបោះឆ្នោតនៅប្រទេសបារាំងនិងអាល្លឺម៉ង់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជោគវាសនារបស់រដ្ឋអ៊ុយក្រែននិងសន្តិសុខរបស់អ៊ឺរ៉ុប។
លោកបាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់នៅចំពោះមុខការប៉ុនប៉ងដើម្បីដកទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ីដែលបានដាក់លើក្រុងមូស្គូបន្ទាប់ពីការកាត់បញ្ចូលឧបទ្វីប Crimea របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤។
ប្រទេសបារាំងនិងអាល្លឺម៉ង់គឺជាផ្នែកមួយនៃអ្វីដែលគេហៅថាកិច្ចចរចាសន្តិភាព Normandy ជាមួយអ៊ុយក្រែននិងរុស្ស៊ីដែលមានបំណងបញ្ចប់ជម្លោះរវាងក្រុងគៀវនិងក្រុមបំបែកខ្លួនដែលគាំទ្រដោយក្រុងមូស្គូនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ សង្គ្រាមនេះបានសម្លាប់មនុស្សចំនួន១៣,០០០នាក់ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
ក្រុងគៀវនិងសម្ព័ន្ធមិត្តលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាគាំទ្រពួកឧទ្ទាមប៉ុន្តែក្រុងមូស្គូបដិសេធ។
លោក Poroshenko ដែលជាអតីតរដ្ឋមន្ដ្រីក្រសួងការបរទេសវ័យ៥៣ឆ្នាំបានបញ្ជាក់ថា លោកជាបេក្ខជនតែម្នាក់គត់ដែលអាចក្រោកឈរតតាំងនឹងវិមានក្រឹមឡាំងបាន៕ AFP
Source: Kampuchea Thmey Daily
0 Comments