ភ្នំពេញ ៖ តារាប្រុសកម្សត់ ធ្លាប់មានប្រវត្តិជាក្មេងដើរលក់នំតាមផ្សា លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ដែលគ្រង់បានតំណែងសម្ដែងជាតួឯកល្បី បទ ”អូនដឹង” របស់តារាចម្រៀង ធា រ៉ានី នោះ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ពេលនេះ លោកកំពុងត្រៀមភ្ជាប់ពាក្យជាមួយម្ចាស់ចិត្តនាខែឧសភាឆ្នាំ២០១៩ខាងមុខនេះពោលគឺក្រោយពេលបុណ្យចូលឆ្នាំខ្មែររួច។
ប្រភពបានបន្តទៀតថា អនាគតភរិយារបស់ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា រូបនេះ ត្រូវបានគេដឹងថាគឺជាកូនក្រមុំអ្នកស្រុករួមខេត្តដូចគ្នានៅបាត់ដំបង។ ខណៈដែលលោកកំពុងត្រៀមក្លាយជាគូដណ្ដឹងរបស់នារីវ័យក្មេងក៏ពិតមែន ប៉ុន្តែ លោក ណាវ៉ាត់ត្រា មិនទាន់មានគម្រោងកំណត់ច្បាស់លាស់ក្នុងការចូលរោងការឡើយ។
បើតាមការឲ្យដឹងពី លោក ណាវ៉ាត់ត្រា បានប្រាប់ឲ្យដឹងតាមរយៈសាអេឡិចត្រូនិក ដោយសារភាពថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយសង្សារជាច្រើនឆ្នាំមកហើយ ដោយចំណងស្នេហានេះមានក្រុមគ្រួសារទាំងសងខាង បានដឹងឭទៀតផង។ អ្វីដែល លោកត្រៀមភ្ជាប់ពាក្យនៅពេលនេះ គឺដើម្បីបំពេញបំណងម្ដាយដែលចង់ឃើញលោក និងសង្សារច្បាស់លាស់ជាមួយគ្នា ព្រោះក្នុងគ្រួសារ លោកជាកូនពៅតែម្នាក់គត់ ដែលមិនទាន់រៀបការ ខណៈបងៗមានគ្រួសារអស់ទៅហើយ។
តារាប្រុសរូបនេះបានបន្តទៀតថា ចំពោះការកំណត់រឿងចូលរោងការពេលណានោះ លោក ណាវ៉ាត់ត្រា មិនទាន់កំណត់ដោយសារលោកចង់មានមុខរបរអ្វីមួយឲ្យច្បាស់លាស់ ក្រៅពីសិល្បៈសិន ទើបរៀបការតាមក្រោយ។ ថ្វីត្បិតតែពេលនេះ ណាវ៉ាត់ត្រា សារភាពមានម្ចាស់ចិត្តហើយមែន តែអ្នកសម្ដែងដែលកំពុងឈានចូលប្រឡូករកស៊ីវិស័យអចលនទ្រព្យនេះថា លោកមានជម្រើសស្នេហ៍ច្រើនដែរ ជាពិសេសនារីនៅបរទេស ក៏ធ្លាប់ទាក់ទងរាប់អាន និងស្រលាញ់ជាសង្សារ ហើយថែមទាំងចង់ធានាឲ្យទៅរស់នៅបរទេសទៀតផង។
ជាមួយគ្នានេះ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បន្ថែមថា ដោយការស្រលាញ់ គឺលោកមិនអាចចោលសង្សារនៅក្រុងបាត់ដំបងបានឡើយ ព្រោះថាធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយគ្នា ពិសេសស្នេហាលោកត្រូវបានចាស់ទុំទាំងសងខាងដឹងអស់ទៅហើយ ហេតុនេះ ទើបលោកសម្រេចចិត្តភ្ជាប់ពាក្យនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ និងត្រៀមរៀបការនាពេលវេលាសមស្របខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments