នៅថ្ងៃសុក្រ ក្រុមតាលីបង់បានប្រកាសអំពីការវាយលុកប្រចាំឆ្នាំរបស់ពួកគេដែលការប្រកាសនេះបានកើតឡើងនៅពេលដែលអ្នកនយោបាយអាមេរិកនិងអាហ្វហ្គានីស្ថានព្យាយាមចរចាឲ្យមានដំណោះស្រាយសន្តិភាពមួយជាមួយពួកសកម្មប្រយុទ្ធឥស្លាមនិយមមួយនេះ។
ក្រុមតាលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការ Fath ដែលមានន័យជាភាសាអារ៉ាប់ថា “ជ័យជំនះ” នឹងត្រូវបានអនុវត្តនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានក្នុងគោលបំណងលុបបំបាត់ការកាន់កាប់និងបោសសម្អាតមាតុភូមិមូស្លីមរបស់យើងពីការឈ្លានពាននិងអំពើពុករលួយ។
តាមទម្លាប់ ការវាយលុកនិទាឃរដូវប្រចាំឆ្នាំគឺកត់សម្គាល់ជាការចាប់ផ្តើមនៃរដូវប្រយុទ្ធថ្វីបើការប្រកាសនេះមានលក្ខណៈជានិមិត្តរូបក៏ដោយហើយពួកតាលីបង់បានបន្តប្រយុទ្ធជាមួយកងកម្លាំងអាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក។
ពួកតាលីបង់បាននិយាយថា “កាតព្វកិច្ចជីហាដរបស់យើងមិនទាន់បានបញ្ចប់ទេ។ ទោះបីជាផ្នែកធំនៃមាតុភូមិរបស់យើងត្រូវបានរំដោះចេញពីសត្រូវក៏ដោយក៏កងកម្លាំងកាន់កាប់បរទេសនៅតែបន្តអនុវត្តឥទ្ធិពលយោធានិងនយោបាយនៅក្នុងប្រទេសឥស្លាមរបស់យើង”។
លោក Qais Mangal អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា ការវាយលុកនិទាឃរដូវរបស់ពួកតាលីបង់គឺគ្រាន់តែជាការឃោសនាប៉ុណ្ណោះ។
លោក Mangal បាននិយាយថា “ក្រុមតាលីបង់នឹងមិនអាចឈានដល់គោលដៅដ៏កាចសាហាវរបស់ពួកគេបានទេហើយប្រតិបត្តិការរបស់ពួកគេនឹងត្រូវបរាជ័យដូចឆ្នាំមុនៗដែរ”។
បន្ទាប់ពីស៊ូទ្រាំនឹងការបង្ហូរឈាមយ៉ាងកាចសាហាវនៅឆ្នាំ២០១៨ ក្រុងកាប៊ុលបានជួបប្រទះភាពស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ប៉ុន្តែកាលពីថ្ងៃចន្ទ ទាហានម៉ារីនអាមេរិកចំនួន៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ពួកតាលីបង់នៅឯមូលដ្ឋានអាកាស Bagram នៅភាគខាងជើងទីក្រុងហើយអាជ្ញាធរកំពុងប្រុងប្រយ័ត្នខ្ពស់។
រដ្ឋបាលរបស់លោកប្រធានាធិបតី Ashraf Ghani កាលពីពេលថ្មីៗនេះបានប្រកាសថា ការវាយប្រហារនិទាឃរដូវរបស់ខ្លួនគឺប្រតិបត្តិការ Khalid ហើយពួកតាលីបង់បានប្រើប្រាស់ការប្រកាសនោះថាជាយុត្តិកម្មសម្រាប់ការចាប់ផ្តើមការវាយលុកថ្មីមួយ៕ AFP
Source: Kampuchea Thmey Daily
0 Comments