ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារជូនពរដល់ជនរួមជាតិទាំងអស់ប្រព្រឹត្តតែអំពើល្អ ប្រកបដោយមេត្តា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។
នៅក្នុងសារលិខិតបានបញ្ជាក់ថា ថ្ងៃ១០កើត ថ្ងៃ១១កើត និងថ្ងៃ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃអាទិត្យទី១៤ ថ្ងៃចន្ទទី១៥ និងថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩ គឺជាទិវាដ៏មហោឡារិកដែលប្រជាជាតិ យើងទាំងមូលរួមគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយក្តីសោមនស្សរីករាយក្រៃលែង តាមទំនៀមទម្លាប់ជាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋពីបុព្វបុរស នៃយើង។
ក្នុងឱកាសមហាសង្ក្រាន្តទាំងបីថៃ្ងនេះ ប្រជារាស្ត្រយើងរៀបចំរណ្ដាប់គ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ ពិធីនេះជាឱកាសឱ្យប្រជារាស្ត្រយើងរួមគ្នាជម្រុះចោលឲ្យជ្រះស្រឡះនូវភាពអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅផងទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តតែអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ជាពិសេសតាំងចិត្តធ្វើបុណ្យទានសាងកុសល ដើម្បីសុខសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតរៀងទៅ។
សម្ដេចប្រធានព្រឹទ្ធសភា សូមចូលរួមអបអរសាទរទិវាដ៏វិសេសវិសាលនេះ ជាមួយនឹងប្រជាជាតិយើងទាំងមូលក្នុងក្តីសង្ឃឹមជឿជាក់លើគោលដៅ នៃការកសាងព្រះរាជាណាចក្រកម្ពុជាមួយ រីកចម្រើនសម្បូរសប្បាយក្នុងសុខសន្តិភាព ស្ថិរភាព វិបុលភាព និងឯកភាពជាតិ ដូចសម័យមហានគរដែលកម្ពុជាធ្លាប់បានថ្កុំថ្កើង រុងរឿង និងល្បីល្បាញ។ អាស្រ័យដោយមានការខិតខំប្រឹងប្រែងជាអតិបរមារបស់កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ព្រមជាមួយការឧបត្ថម្ភ គាំទ្ររបស់ប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការអន្តរជាតិនានា ប្រជាជាតិយើងជម្នះបាននូវឧបសគ្គ និងការលំបាកតូចធំផងទាំងឡាយប្រកបដោយជោគជ័យ។ យើងបំពេញ បានល្អនូវភារកិច្ចការពារសន្ដិភាព និងការអភិវឌ្ឍការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ជាពិសេសបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនខ្ពស់ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋទាំងមូលសុទ្ធតែទទួលបានគុណប្រយោជន៍ដោយសមធម៌ និងតម្លាភាព។ ប្រជាជាតិយើង សូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម បានបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង។ ព្រឹទ្ធសភានីតិកាលទី៤ ដែលប្រសូត្រចេញពីការបោះឆ្នោតជាអសកល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានបន្ត រួមចំណែកពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងឲ្យការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការកាន់តែទូលំទូលាយ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកកម្ពស់ការគ្រប់គ្រងសេដ្ឋកិច្ចសង្គម ធានាការពារយុត្តិធម៌ និងការគោរព សិទ្ធិមនុស្ស ដើម្បីភាពរីកលូតលាស់ និងភាពសុខដុមរមនាយូរអង្វែងនៃ សង្គមជាតិយើង។ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជាណា-ចក្រកម្ពុជាបន្តអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរម រត នកោដ្ឋ សូមទ្រង់ព្រះ មេត្តាជួយប្រោះព្រំ ប្រទានពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេច ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សូមព្រះអង្គ មាន ព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូណ៌ ព្រះកាយ-ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។ ក្នុងទិវាដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនប្រទេសជាមិត្តភ័ក្ដិជិតឆ្ងាយ ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានលើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាសង្ឃរាជទាំង ពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្វាយ និងជូន សម្ដេចព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយោជក និយោជិត កម្មករ កសិករ ពាណិជ្ជករ អាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងជនរួមជាតិ នៅក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមទេវតាឆ្នាំថ្មី ព្រះនាមធុង្សៈទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្ដីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យមានសមានចិត្តជាកុសល យោគយល់គ្នា សន្ដោសប្រណី សាមគ្គី រួមសុខ រួមទុក្ខ ជាមហាគ្រួសារតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្ដីថ្លៃថ្នូរតរៀងទៅ៕
Source: Kampuchea Thmey Daily
0 Comments