មន្ត្រីបោះឆ្នោតឥណ្ឌាបានបញ្ជាឲ្យទប់ស្កាត់បណ្តាញទូរទស្សន៍មួយដែលគាំទ្រលោកនាយករដ្ឋមន្ត្រី Narendra Modi ដែលពួកគេនិយាយថា បានរំលោភច្បាប់យុទ្ធនាការ។
ខណៈដែលប្រទេសមានប្រជាជន១.៣ពាន់លាននាក់មួយនេះបានចាប់ផ្តើមការបោះឆ្នោតដ៏ធំរបស់ខ្លួននោះ គណៈកម្មាធិការបោះឆ្នោតបាននិយាយថា ទូរទស្សន៍ NaMo ដែលត្រូវបានឧបត្ថម្ភដោយគណបក្សស្តាំនិយមរបស់លោក Modi ត្រូវតែដាក់មាតិការបស់ខ្លួនទាំងអស់ដើម្បីអនុម័តមុនការផ្សាយ។
ក្រោមច្បាប់នៃការបោះឆ្នោតរបស់ប្រទេសឥណ្ឌា មាតិកាណាមួយដែលគេចាត់ទុកថាជាយុទ្ធនាការឃោសនារួមទាំងការផ្សាយពាណិជ្ជកម្ម ខ្សែភាពយន្តនិងសូម្បីតែប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះគឺចាំបាច់ត្រូវមានការការអនុញ្ញាតពីស្ថាប័នបោះឆ្នោត។
បទបញ្ជាដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍មួយនេះគឺជាបញ្ហាប្រឈមទីពីររបស់គណៈកម្មាធិការចំពោះយុទ្ធនាការបោះឆ្នោតរបស់លោក Modi ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីគណៈកម្មាធិការបានពន្យារពេលការចេញផ្សាយខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីពីនាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរូបនេះរហូតដល់ក្រោយការបញ្ចប់ការបោះឆ្នោត។
ទូរទស្សន៍ NaMo បានបង្ហាញកម្មវិធី២៤ម៉ោងស្តីពីការប្រមូលផ្តុំរបស់លោក Modi, ការថ្លែងសុន្ទរកថានិងសូម្បីតែបទចម្រៀងរ៉េបឬរបាំដែលជាទម្លាប់បានជួយជំរុញឲ្យមានការពេញចិត្តដល់មេដឹកនាំ។
គណៈកម្មាធិការបោះឆ្នោតនៃប្រទេសឥណ្ឌាដែលជាស្ថាប័នស្វយ័តមួយទទួលបន្ទុកត្រួតពិនិត្យការបោះឆ្នោតរយៈពេល៦សប្តាហ៍ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទូរទស្សន៍ NaMo បានបំពានច្បាប់បោះឆ្នោតដែលមានគោលបំណងផ្តល់នូវស្ថានភាពស្មើគ្នាសម្រាប់គណបក្សនយោបាយ។
វាបាននិយាយថា ប៉ុស្តិ៍នេះត្រូវបានឧបត្ថម្ភដោយគណបក្ស Bharatiya Janata របស់លោក Modi ហើយគ្រប់ការផ្សាយពាណិជ្ជកម្មនយោបាយទាំងអស់និងកម្មវិធីដែលបានថតទុកជាមួយនឹងខ្លឹមសារនយោបាយគឺត្រូវបានទាមទារឲ្យមានការត្រួតពិនិត្យជាចាំបាច់មុនពេលដែលពួកគេអាចត្រូវបានចាក់ផ្សាយ៕ AFP
Source: Kampuchea Thmey Daily
0 Comments