ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នឹងដឹកនាំគណៈប្រតិភូចូលបំភ្លឺនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើការផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសេពគ្រឿងស្រវឹង ដែលនាំឲ្យមានផលប៉ះពាល់ដល់អនាគតយុវជន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋាន។
សេចក្តីប្រកាសព័ត៌មានពីលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨និង៣០នាទី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានកិច្ចប្រជុំពិភាក្សាពិសេសមួយ ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លើបរិបទពាក់ព័ន្ធ នឹងការផ្សាយពាណិជ្ជកម្ម "គ្រឿងស្រវឹង" ដែលមានលក្ខណៈជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន សេពគ្រឿងស្រវឹង និងបរិបទពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារក្នុងដែនសមត្ថកិច្ចក្រសួងពាណិជ្ជកម្មចំពោះការទប់ស្កាត់នូវរាល់ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈ "ភូតកុហក ឆបោក" នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន។
ដោយឡែកតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដែលបានដាក់ជូនលោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា តបតាមការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងពិភាក្សាក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនិងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានលក្ខណៈជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសេពគ្រឿងស្រវឹង នាំឲ្យប៉ះពាល់ដល់អនាគតយុវជន និងប្រសិទ្ធិភាពនៃការទប់ស្កាត់រាល់ការផ្សាយពាណិជ្ជកម្មដែលមានចរិត ភូតកុហក ឆបោក នាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមធ្វើបទបង្ហាញ និងពិភាក្សា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
សូមជម្រាបថា លោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ បានធ្វើលិខិតអញ្ជើញលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមធ្វើបទបង្ហាញ និងពិភាក្សា ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការចូលរួមធ្វើបទបង្ហាញ និងពិភាក្សា គឺជាមូលដ្ឋានខានជំនួយស្មារតីដល់ការងារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីផ្តល់ជាធាតុចូលជូននាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា គណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានធ្វើលិខិតជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំការអនុញ្ញាតឲ្យលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីដឹកនាំគណប្រតិភូក្រសួងទាំងពីរ ចូលរួមប្រជុំបំភ្លឺចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីការផ្សព្វផ្សាយគ្រឿងស្រវឹង (ស្រាបៀរ) ហើយប្រតិភូគណបក្សយុវជនកម្ពុជា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ការផ្សព្វផ្សាយនូវគ្រឿងស្រវឹង (ស្រាបៀ) តាមទីប្រជុំជន ជាពិសេសតាមកម្មវិធីទូរទស្សន៍ក្នុងពេលបច្ចុប្បន្ន គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរឲ្យសេពគ្រឿងស្រវឹង ដែលជាហេតុនាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ និងអំពើចាប់រំលោភសេពសន្ថវៈលើស្ត្រី និងកុមារី ជាពិសេសបង្កអំពើអសន្តិសុខ ក្នុងសង្គមជាតិ និងខូចអនាគតរបស់យុវជនខ្មែរជំនាន់ក្រោយ ដូច្នេះការផ្សព្វផ្សាយនូវគ្រឿងស្រវឹង (ស្រាបៀ) តាមទីប្រជុំជន ជាពិសេសតាមកម្មវិធីទូរទស្សន៍ គួរតែរឹតបន្តឹង ឬឈានដល់ការបិទការផ្សព្វផ្សាយតាមទូរទស្សន៍ទាំងស្រុងតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments