ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន » នៅក្នុងរាជធានីភ្នំពេញកាលព្រឹកថ្ងៃទី៨ ខែមេសា នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកសារមន្ទីរនេះថា នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់ការស្វែងយល់អំពីសាវតាសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ “ព្រះស្រីឦសានវរ្ម័ន” នឹងរួមចំណែកយ៉ាងសំខាន់ទៅដល់ការស្វែងយល់ពីប្រវត្តិរឿងរ៉ាវនៃសេដ្ឋកិច្ចនិងរូបិយវត្ថុខ្មែរដែលមិនសូវមានឯកសារប្រវត្តិសាស្ត្របានលើកយកមកបង្ហាញឲ្យបានក្បោះក្បាយឡើយ។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី សារមន្ទីរនេះបង្ហាញយ៉ាងលម្អិតពីការកសាងឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងសមិទ្ធផលសំខាន់ៗក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា សារមន្ទីរថ្មីនេះនឹងចូលរួមចំណែកកាន់តែសកម្មក្នុងបុព្វហេតុពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយល់កាន់តែច្បាស់អំពីប្រវត្តិរូបិយវត្ថុកម្ពុជានៅគ្រប់សម័យកាល ជាពិសេសដើម្បីលើកស្ទួយប្រាក់រៀលកម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀល ឲ្យបានទូលំទូលាយនៅទូទាំងប្រទេសសំដៅពង្រឹងអត្តសញ្ញាណជាតិនិងអធិបតេយ្យជាតិយើងទាំងអស់គ្នា។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រាប់ឲ្យធនាគារជាតិនៃកម្ពុជានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមថែរក្សាកេរដំណែលនិងប្រមែប្រមូលនូវរាល់វត្ថុតាងពាក់ព័ន្ធនឹងរូបិយវត្ថុនានាសម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ។ បន្ថែមលើនេះ ក៏ត្រូវបន្តអភិវឌ្ឍសារមន្ទីរឲ្យរីកចម្រើនជាបន្តបន្ទាប់តាម រយៈការបង្កបរិយាកាសឱ្យយុវជនកម្ពុជាបានមកទស្សនាឱ្យបានទូលំទូលាយ ដើម្បីសិក្សាស្វែងយល់ស្រាវជ្រាវអំពីប្រវត្តិ និងតួនាទីរូបិយវត្ថុរបស់កម្ពុជា។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» នេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុដែលបានបោះផ្សាយនិងត្រូវបានប្រើប្រាស់នាពេលកន្លងមក ។ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ ម៉ូឌែល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ចនិងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ន ។ ចំណែកផ្នែកខាងក្នុងនៃសារមន្ទីរនេះ គឺមានភាពទំនើបនិងត្រូវបានបំពាក់ដោយភាពយន្តឯកសារល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់នូវភាពរីករាយ និងចំណេះដឹងដល់សាធារណជន។ នេះបើតាមការលើកឡើងរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះការរក្សាបាននូវតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ចជាពិសេសរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័សទាំងប្រាក់រៀលក្នុងចរាចរណ៍និងការសន្សំក្នុងប្រព័ន្ធធនាគារនេះ គឺជាការបង្ហាញជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាមកលើប្រាក់រៀល៕
Source: Kampuchea Thmey Daily
0 Comments