Ad Code

MCL 2019 ៖​ គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ងារ​ជា​គ្រូបង្វឹក​ឆ្នើម​ជាងគេ​ប្រចាំ​ខែមីនា



​យោង​តាម​ការ​បញ្ជាក់រ​បស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) លើកឡើងថា​លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ងារ​ជា​គ្រូបង្វឹក​ដែល​ដឹកនាំ​ក្រុម​ឆ្នើម​ជាងគេ​ប្រចាំ​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​ក្រោយ​ដឹកនាំ​កូនក្រុម​បានល្អ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ៣​ប្រកួត​បើកឆាក​កន្លងមក​។



​គ្រូបង្វឹក​ជនជាតិ​អៀរ​ឡង់ រូបនេះ​បានលើកឡើង​ក្រោយ​ទទួលបាន​ងារ​លើកដំបូង​នេះ​ថា នេះ​មិនមែនជា​សមិទ្ធផល​ខ្លួន​តែម្នាក់ឯង​ឡើយ តែ​ក៏​ជា​ស្នាដៃ​របស់​ក្រុមការងារ និង​កីឡាករ​ទាំងអស់​ដែរ​។ លោក​បន្តថា ​គ្រូបង្វឹក​តែម្នាក់ឯង​មិនអាច​រ៉ាប់រង​ការងារ​ទាំងអស់​ទេ ដូច្នេះ ការ​ឈ្នះ​ពាន​នេះ​គឺ​បានមកពី​ចំណែក​សមាជិក​គ្រប់ៗ​គ្នា​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។ លោក Conor Nestor ត្រូវបាន CNCC ស្រង់​សម្តី​ថា​ «​ខ្ញុំ​ពិតជា​រីករាយ​មែនទែន​ចំពោះ​ការ​ផ្ដល់នូវ​កិត្តិយស​នេះ តែ​យ៉ាងណាក៏ដោយ ខ្ញុំ​យល់ថា មិនមែន​តែ​គ្រូបង្វឹក​ម្នាក់ឯង​ទេ​ដែល​ជួយ​ឲ្យ​ឈ្នះ​ការប្រកួត តែ​កីឡាករ​ទេ​ដែលជា​អ្នក​បញ្ចេញស្នាដៃ​។ ដូច្នេះ​សមិទ្ធផល​នេះ​គឺជា​របស់​ពួកគេ មិនមែន​សម្រាប់​ខ្ញុំ​ទេ​»​។



​ស្ថាប័ន CNCC បញ្ជាក់​ថា ​លោក Conor ត្រូវបាន​ជ្រើសរើស​ជា​គ្រូបង្វឹក​ល្អ​ប្រចាំ​ខែមីនា រដូវ​កាល​២០១៩ នេះ​គឺ​ក្រោយ​លោក​ដឹកនាំ​ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ពីរ​ប្រកួត​ដំបូង​នៃ Metfone Cambodina League លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ និង​សូល​ទី​ឡូ​អង្គរ ១​ទល់​០ ហើយ​ថែមទាំង​មិន​របូត​គ្រាប់​បាល់​ទៀត​។ ចំណែក​កាល​ថ្ងៃអាទិត្យ ទី​០៧ មេសា ព្រះខ័ន​រាជ​ស្វាយរៀង បាន​បន្ត​ឈ្នះ​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ​២​ទល់នឹង​០ ទៀត​។ គិត​ត្រឹម​ពេលនេះ​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៩​ពិន្ទុ​ច្រើនជាងគេ​។

នេះ​ក៏​ជា​លើក​ទី​១​ដែល​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បង្កើត​ពានរង្វាន់​នេះ​ឡើង​ដែល​គ្រូបង្វឹក​ឆ្នើម​ជាងគេ​បាន​ទៅលើ​លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ពាន​កីឡាករ​ឆ្នើម​ជាងគេ​បាន​ទៅ​កីឡាករ គួច សុ​កុម្ភៈ ប្រធាន​ក្រុម​ក្លិប​ជើងឯក​ឆ្នាំ​ចាស់ ណាហ្គាវើល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu