ភ្នំពេញ ៖ ក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក Lexus RX-350 ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧-២-០៨៤៥ បានបើកបុកទ្រូងផ្លូវនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែង ផ្លូវ១៥៥ ជិត វត្តទួលទំពូងនាម៉ោងជាង១២ រំលង អធ្រាត្រ ឈានចូកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ក្រសួង កសិកម្មចេញមុខមកបកស្រាយថា រថយន្តនោះមិនមែនជាកម្មសិទ្ធិរបស់ក្រសួងឡើយហើយស្លាកលេខ ដែលពាក់នោះគឺ ស្លាកលេខក្លែងក្លាយ។
យោងតាម សេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៦មេសានេះ បានចេញមកបញ្ជាក់ថា ស្លាកលេខរដ្ឋ ១៧-២-០៨៤៥ ដែលពាក់នៅលើរថយន្ដ Lexus RX-350 ជួបគ្រោះថ្នាក់ចរាចរណ៍បុកទ្រូងផ្លូវ នៅរាជធានីភ្នំពេញ នាយប់ឈានចូលថ្ងៃទី០៦ ខែមេសានេះ គឺជាស្លាកលេខក្លែងក្លាយ មិនមែនជាកម្មសិទ្ធិរបស់ក្រសួងនោះទេ។
សេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដដែល បានឲ្យដឹងថា រថយន្ត ស្លាកលេខរដ្ឋ១៧-២-០៨៤៥ គឺមានម៉ាក Mitsubishi Pajero Sport ពណ៌ស ផលិតឆ្នាំ២០១៥ ហើយរថយន្ដ Lexus ដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ ជារថយន្ដឯកជនក្លែងបន្លំស្លាកលេខរដ្ឋមកបំពាក់លើរថយន្ដផ្ទាល់ខ្លួន។
ក្រសួងកសិកម្ម ក៏បានបញ្ជាក់ទៀតថា នាពេលថ្មីៗនេះ ក្រសួងក៏បានសង្កេតឃើញមានរថយន្តមួយចំនួនទៀត បន្លំបំពាក់ស្លាកលេខរដ្ឋ១៧ ដែលរួមមាន រថយន្តម៉ាក Alphad ពណ៌ខ្មៅ ស្លាកលេខរដ្ឋ១៧-២-០៩១៧ និងរថយន្តម៉ាក Audi ពណ៌ស ស្លាកលេខរដ្ឋ១៧-២-០៩១៩ ផងដែរ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះរថយន្ដដែលបន្លំស្លាកលេខ ទាំងអស់នេះ។
សូមបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងកសិកម្ម កើតឡើងក្រោយបុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាក Lexus RX-350 ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧-២-០៨៤៥ បានបើកបុកទ្រូងផ្លូវនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែង ផ្លូវ១៥៥ ជិត វត្តទួលទំពូងនាម៉ោងជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ ក្រោយកើតហេតុ អ្នកបើកបរ និងមិត្តភ័ក្ត្រដែលមិនរងរបួសនោះ បានទុករថយន្ត ចោលនៅកន្លែងកើតហេតុព្យាយាមរត់ លុះរត់ទៅដល់កន្លែងស្ងាត់ ក៏ប្រទះយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូអ្នកដំណើរតាមផ្លូវនោះជិះគេចខ្លួនបាត់៕
Source: Kampuchea Thmey Daily
0 Comments