ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ប្រាក់រៀលកម្ពុជានៅតែមានអត្ថន័យនិងសារៈសំខាន់សម្រាប់កម្ពុជាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរយៈពេល៣៩ឆ្នាំកន្លងមកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីចាត់ទុកការមើលរំលងតួនាទីរូបិយវត្ថុជាតិ នឹងធ្វើឲ្យបាត់បង់ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិនឹងមានភាពទន់ខ្សោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ«ព្រះស្រីឦសានវរ្ម័ន»ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណននាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាកត្តាទាំងអស់នេះបានជំរុញឲ្យព្រះមហាក្សត្រខ្មែរមួយចំនួនព្យាយាមកសាងអធិបតេយ្យជាតិដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការមើលរំលងតួនាទីរូបិយវត្ថុជាតិធ្វើឲ្យបាត់បង់ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិនឹងមានភាពទន់ខ្សោយលើគ្រប់វិស័យដែលកត្តាទាំងអស់នេះបានជំរុញឲ្យព្រះមហាក្សត្រខ្មែរមួយចំនួនព្យាយាមកសាងអធិបតេយ្យជាតិ ដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង»។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុដែលមានប្រភពពីតំបន់ផ្សេងៗតាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេសតាំងពីសតវត្សទី១ នៅសម័យនគរភ្នំរហូតមកដល់សម័យអង្គរ ពេលដែលកម្ពុជាបានក្លាយជាអាណាចក្រមានការរីកចម្រើនដល់កំពូលប៉ុន្តែកម្ពុជាពុំបានបោះពុម្ពរូបិយវត្ថុជាតិនោះទេតែបានប្រើប្រាស់ប្រាក់សំប៉ែតដែលនាំមកដោយជនជាតិចិន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកថា នៅដើមសតវត្សរ៍ទី១៦ «ព្រះស្រីជេដ្ឋារាជវាមានាធិបតី»ហៅ «ស្តេចកន»ព្រះមហាក្សត្រដំបូងគេបង្អស់របស់កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ គឺ«ប្រាក់ស្លឹង»ដើម្បីពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេសដូចជាការដោះដូរពាណិជ្ជកម្មជាមួយអ្នកជំនួញព័រទុយហ្គេនិងអេស្ប៉ាញ តាមរយៈ «ប្រាក់ព្យ៉ាស់»និងការរៀបចំប្រព័ន្ធពន្ធដារច្បាស់លាស់ដោយផ្អែកលើរូបិយវត្ថុជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងអំណាចកងទ័ពផងដែរ។ នៅសតវត្សទី១៩ ព្រះបាទអង្គឌួងបានបោះផ្សាយរូបិយវត្ថុជាតិ គឺ «ប្រាក់ប្រាសាទ» ដើម្បីពង្រឹងភាពខ្លាំងនៃសេដ្ឋកិច្ចនិងអធិបតេយ្យជាតិ និងរំដោះប្រទេសជាតិចេញពីឥទ្ធិពលនៃប្រទេសជិតខាង។ នៅសម័យក្រោមអាណាព្យាបាលបារាំងកម្ពុជាមិនមានអធិបតេយ្យផ្នែករូបិយវត្ថុទេ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុ ក្រដាសប្រាក់“ព្យ៉ាស់” ដែលបោះផ្សាយដោយធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជបារាំង សម្រាប់ប្រទេសនៅឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ ដើម្បីជាមធ្យោបាយទូទាត់សន្សំនិងខ្នាតកំណត់តម្លៃទំនិញនិងសេវារហូតដល់ឆ្នាំ ១៩៤៨។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរជុំវិញវត្តមានប្រាក់ដុល្លារច្រើនបានហូរចូលមកកាន់ប្រទេសកម្ពុជាគឺនៅក្នុងសម័យអ៊ុនតាក់។ នាដើមទស្សវត្សរ៍ឆ្នាំ៩០តាមរយៈប្រតិបត្តិការរបស់ អ៊ុនតាក់នៅកម្ពុជាបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពោលនៅពេលនេះវត្តមាននៃប្រាក់ដុល្លារកើតមានខ្លាំងក្នុងប្រទេសកម្ពុជា។ ក្នុងពេលចូលមករក្សាសន្តិភាពនៅកម្ពុជាអ៊ុនតាក់បានប្រើលុយប្រមាណ២ពាន់លានដុល្លារអាមេរិកនៅកម្ពុជាដោយគ្មានការប្តូរជាប្រាក់រៀលនោះទេ ហេតុនេះប្រតិបត្តិការរបស់ អ៊ុនតាក់នៅកម្ពុជាបានបង្កជាបញ្ហាសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា «បុគ្គលិកអ៊ុនតាក់មកកម្ពុជា មានសិទ្ធិទិញអីវ៉ាន់ដោយមិនចាំបាច់បង់ពន្ធដោយ អ៊ុនតាក់ជាអ្នកនាំចូលហើយគេបានទិញហើយ គេមិនយកទៅស៊ីខ្លួនឯង គេទៅយកលក់នៅផ្សារថ្មី ផ្សារអូរឫស្សី ពេញផ្សារទាំងអស់ចឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនៅក្នុងកាលៈទេសៈនោះជួបការលំបាក»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា នៅលើពិភពលោកនេះគ្មានប្រទេសណាដែលចាយលុយសេរីដូចកម្ពុជានោះទេ ពោលសម្រាប់ការបំពេញបេសកកម្មរក្សាសន្ដិសុខក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅប្រទេសនានាគេយកប្រាក់ដុល្លារទៅដូរជាមួយនឹងប្រាក់នៅប្រទេសនោះទើបអាចធ្វើចរាចរណ៍បាន។ បទពិសោធន៍នេះហើយត្រូវបានសម្ដេចយកមកប្រើប្រាស់នៅពេលដែលកងទ័ពរបស់កម្ពុជាទៅបំពេញបេសកកម្មក្រៅប្រទេសព្រោះថា សម្ដេចតែងតែណែនាំឲ្យប្ដូរប្រាក់ជាមុន មុននឹងចាកចេញទៅប្រទេសដទៃដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចាយវាយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យប្រទេសដទៃទៀតកុំយកគំរូតាមកម្ពុជានៅក្នុងប្រតិបត្តិការរក្សាសន្ដិភាពតាមប្រទេសនីមួយៗដែលនាំទៅដល់ស្ថានភាពរ៉ាំរ៉ៃដូចជានៅកម្ពុជាជាដើម។
ដោយចង់ដឹងថា តើមានប្រទេសណាខ្លះជួបបញ្ហាដូចកម្ពុជានោះ សម្តេចបានឲ្យស្រាវជ្រាវអំពីប្រទេសដែលកងទ័ពកម្ពុជាកំពុងប្រតិបត្តិការក្រោមឆត្រអង្គការសហប្រជាជាតិ តើប្រទេសនោះមានស្ថានភាពយ៉ាងដូចម្តេច។ សម្តេចតេជោបានស្នើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ដែលទើបត្រឡប់មកពីទីក្រុងញូយ៉ក ដើម្បីចូលរួមប្រជុំនូវបណ្តាប្រទេសដែលបរិច្ចាគកម្លាំងទៅប្រតិបត្តិការនៃក្រៅប្រទេសក្រោមឆត្ររបស់អង្គការសហប្រជាជាតិធ្វើការស្រាវជ្រាវបញ្ហានេះ ដូចជាមាននៅប្រទេសម៉ាលី ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ តើប្រាក់រូបិយប័ណ្ណបរទេសដែលអង្គការសហប្រជាជាតិបើកឲ្យកងទ័ពកម្ពុជាបានប្រើជំនួសទៅដោយរូបបិយប័ណ្ណនៃប្រទេសនោះទេ?
សម្តេចតេជោបន្តថា ក្នុងរយៈកាលក្រោយមកចាប់ពីឆ្នាំ១៩៩២-៩៣ រហូតមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំរួចមកហើយក៏ប៉ុន្តែប្រាក់ដុល្លារនៅតែបន្តប្រើប្រាស់នៅលើកទឹកដីកម្ពុជារបស់យើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជាក៏ជាកត្តាសត្យានុម័តមួយក្នុងការកាត់សេចក្តីសម្រាប់កម្ពុជាផងដែរ។ សម្តេចក៏បានរំលឹកពីកាលដើមឡើយ គឺនៅពេលពួកប៉ុលពតបានបំផ្លាញចោលនូវរូបិយវត្ថុ នៅក្នុងប្រទេសកម្ពុជាយើង ។ តើយើងត្រូវធ្វើរបៀបណាក្រោយពីរំដោះពីរបបប៉ុលពតនិងចុងសតវត្សទី២០ និងដើមសតវត្សទី២១ ពិសេសនៅក្នុងចុងសតវត្សទី២០ មិនមែនប្រទេសណាមួយដូចប្រទេសកម្ពុជាដែលបានបោះបង់ចោលរូបិយវត្ថុទាំងស្រុងនោះទេ។ នៅប្រទេសមួយចំនួនរបបថ្មីបានជំនួសដោយរបបចាស់ប៉ុន្តែគេមិនបានបំបាត់ចោលនូវរូបិយវត្ថុ ឬទីផ្សារនោះទេ មានតែកម្ពុជាតែមួយគត់បានធ្វើការងារដោយប៉ុលពត។
ដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជាដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរយៈពេល៣៩ឆ្នាំ សម្តេចតេជោហ៊ុន សែន បានណែនាំធនាគារជាតិនៃកម្ពុជារៀបចំខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ នៅក្នុងឆ្នាំនេះ៕
Source: Kampuchea Thmey Daily
0 Comments