ក្រុមណាហ្គាវើល ដែលត្រូវការពារតំណែងជើងឯកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambdian League) នៅរដូវកាលឆ្នាំ២០១៩ នេះបានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ដោយលទ្ធផល ៦ទល់០ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ខណៈលោក មាស ចាន់ណា ដែលជាគ្រូបង្វឹករំពឹងថាកូនក្រុមនឹងបន្តធ្វើបានល្អថែមទៀតនៅប្រកួតបន្តបន្ទាប់។
គ្រូបង្វឹកដែលកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិតទ្វីបអាស៊ី AFC A License វ័យ ៣៩ឆ្នាំរូបនេះ លោកនិយាយថា «មែនទែនទៅ ប្រកួតនេះកីឡាករយើងធ្វើបានល្អ ខុសពីការព្រួយបារម្ភរបស់ខ្ញុំ ខ្លាចមានការប្រមូលអារម្មណ៍មិនបានល្អ។ មួយទៀត ពួកគេធ្វើបានកាន់តែល្អនៅចុងម៉ោង ដែលជាអ្វីយើងចង់បាន ព្រោះតាំងពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ការប្រកួតរបស់យើង ពួកគាត់តែងធ្វើបានល្អនៅតង់ទី២។ អញ្ចឹងក្ដីរំពឹងរបស់ខ្ញុំ គឺសង្ឃឹមថា ពួកយើងនឹងស្ដារភាពខ្លាំងនៅតង់ទី២ ត្រឡប់មកវិញ»។
សូមបញ្ជាក់ថា ជ័យជម្នះ ៦-០ របស់ក្រុមណាហ្គាវើល លើក្រុមប៉ូលិស រកគ្រាប់បាល់បញ្ចូលទីបានដោយកីឡាករតួរមេនីស្ថាន Gurbani Amir ២គ្រាប់ម្នាក់ឯង នៅនាទីទី២ និងនាទី៧០, កីឡាករ នីហ្សេរីយ៉ា Omogba រកបាន ១គ្រាប់នៅនាទី៦៣, កីឡាករជនជាតិរ្វ៉ាន់ដា Kimson រកបាន ១គ្រាប់នៅនាទី៦៨, កីឡាករខ្មែរបារាំង គួច ដានី រកបាន ១គ្រាប់ នៅនាទី៧៧ និងអតីតកីឡាករជម្រើសជាតិកម្ពុជាកីឡាករ ញឹម សុវណ្ណារ៉ា រកបាន ១គ្រាប់នៅនាទី៨៧។
ជារួមក្រុមជើងឯក៣សម័យកាលណាហ្គាវើល កំពុងឈរលេខរៀងទី៤ បណ្ដោះអាសន្នក្នុងចំណោមក្លិបជាសមាជិកចំនួន១៤ក្រុម ក្រោយឆ្លងកាត់ ៣ប្រកួតបើករដូវកាលពោលគឺឈ្នះអាស៊ីអឺរ៉ុប ១ទល់០ តែចាញ់ក្រសួងការពារជាតិ ៤ទល់២ និងចុងក្រោយឈ្នះប៉ូលីស ៦ទល់០។ ចំពោះប្រកួតបន្ទាប់ក្រោយចូលឆ្នាំខ្មែររួចក្រុមរបស់លោក មាស ចាន់ណា នឹងចេញប្រកួតក្នុងវគ្គជម្រុះពូល F នៃពានរង្វាន់លីគលំដាប់ទី២ប្រចាំទ្វីបគឺ AFC Cup 2019 ប៉ះម្ចាស់ផ្ទះ Tampines Rover នៅសឹង្ហបុរី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ហើយពេលត្រឡប់មកវិញត្រូវប្រកួតនៅក្រៅដីទៀតក្នុងលីគកំពូលកម្ពុជាយជួបក្រុមមានមូលដ្ឋាននៅសៀមរាប ក្រុមសូលទីឡូអង្គរ នៅថ្ងៃទី២១ ខែមេសាឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments