ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់គ្រប់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត និយោជក សហព័ន្ធសហជីព ព្រមទាំងកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំង អស់ត្រូវរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។
នេះជាឆ្នាំទី១៤ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ«សុវត្ថិភាព និងសុខភាព និងអនាគតនៃការងារ»។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារដែលទើបទទួលកាលពីថ្ងៃទី៨មេសាលោក បណ្ឌិត អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា«ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថា ហេតុដល់បងប្អូនកម្មករនិយោជិត សូមលោក លោកស្រីប្រធាន ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលបានបោះទីតាំងនៅតាមបណ្តារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្រារព្ធទិវានេះឱ្យបានអធិកអធមនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន និងចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថាន ដើម្បីចូលរួមអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ »។
លោករដ្ឋមន្ត្រីបានបន្តថា បដាពាក្យស្លោកទាំងនោះរួមមាន១, អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២. សុវត្ថិភាព និងសុខភាព និងអនាគតនៃការងារ ៣. បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុវត្ថិភាព និងសុខភាពការងារ ៤. ត្រូវរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ ៥. សុវត្ថិភាពការងារ ជាអាទិភាពទីមួយរបស់យើង ៦.រួមគ្នាកសាងវប្បធម៌ នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ។
៧. រួមគ្នាការពារសិទ្ធិការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព
៨. យើងរួមគ្នាកត់ត្រាទុក និងជូនដំណឹងអំពីគ្រោះថ្នាក់ ជំងឺវិជ្ជាជីវៈ និងការកើតឡើងដោយគ្រោះថ្នាក់ ៩.ចូរប្រើប្រាស់ទិន្នន័យអំពីគ្រោះថ្នាក់ និងជំងឺវិជ្ជាជីវៈ១០. យើងរួមគ្នាជំរុញឱ្យមានប្រព័ន្ធថ្នាក់ជាតិសម្រាប់រាយការណ៍ ការប្រមូលទិន្នន័យ និងការវិភាគអំពីគ្រោះថ្នាក់ និងជំងឺវិជ្ជាជីវៈ១១. ចូរតាមមើលជាប្រចាំអំពីវិធានការណ៍បង្ការនានា ដើម្បីកុំឱ្យមានបាតុភូតមហន្តរាយនៅកន្លែងការងារ១២. មានសុវត្ថិភាពការងារ គឺគ្មានគ្រោះថ្នាក់ការងារ ១៣. ភាពតានតឹងអារម្មណ៍នៅកន្លែងធ្វើការជាក្តីកង្វល់របស់យើងទាំងអស់គ្នា ១៤. ធានាឱ្យគ្រប់កន្លែងការងារមានសុវត្ថិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
១៥. កន្លែងការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នាំឱ្យកើនផលិតភាព និងប្រាក់ចំណូល១៦. គន្លឹះឈានទៅរកសុវត្ថិភាពការងារ គឺស្ថិតនៅក្នុងដៃលោកអ្នក ១៧. វិធានសុវត្ថិភាពការងារជាមធ្យោបាយប្រសើរបំផុតនៅកន្លែងធ្វើការ ១៨. និយោជកត្រូវផ្តល់សម្ភារការពារបុគ្គលដល់កម្មករនិយោជិត ១៩. រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ២០, ការឈឺចាប់កើតចេញពីកន្លែងធ្វើការងារដែលគ្មានសុវត្ថិភាព ២១. ជីវិតរបស់ខ្ញុំ ការងាររបស់ខ្ញុំ និងការងារប្រកបដោយសុវត្ថិភាពរបស់ខ្ញុំ ២២, ការងារសមរម្យ គឺជាការងារប្រកបដោយសុវត្ថិភាព ២៣. សុវត្ថិភាពការងារជាជម្រើសដែលអ្នកត្រូវជ្រើសរើសជាចាំបាច់ ២៤. រួមគ្នាការពារហានិភ័យដែលកើតឡើងដោយភាពតានតឹងអារម្មណ៍នៅកន្លែងធ្វើការ២៥. បង្ការ និងទប់ស្កាត់មេរោគអេដស៍/ជំងឺអេដស៍ និងលុបបំបាត់ការរើសអើងនៅកន្លែងការងារនិង២៦. គ្រឿងញៀនបំផ្លាញសុខភាព និងអនាគត របស់យើង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សមាគមនិយោជក និងនិយោជក ព្រមទាំងសហព័ន្ធសហជីពនៃសហគ្រាស គ្រឹះស្ថានទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments