ឧត្តរមានជ័យ ៖ មានករណីលង់ទឹកស្លាប់ ក្មេងប្រុស០១នាក់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុចស្រះទឹក ខាងក្រោយសាលារៀនគ្រីនវ៉េ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៉ុក រ៉ានុត ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិពុរសង្កាត់សំរោង ក្រុងសំរោង។
ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាន កម្លាំងជំនាញក្រុង បានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេស និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសព។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពកន្លែងកើតហេតុ ស្ថិតនៅក្នុងស្រះទឹក ទំហំ១៣ម គុណ ៤០ម ជម្រៅ៣ម ក្រោយសាលារៀនគ្រីនវ៉េ ហើយស្ថានភាពសាកសព ស្លៀកខោខោវប៊យខើចជើង ពាក់អាវយឺតដៃខ្លី ពណ៌ទឹកក្រូច នៅលើក្បាល និងរាងកាយ ពុំមានស្លាកស្នាមរបួសទេ តែមានចេញលាមកបន្តិច។
បើតាមការបំភ្លឺពី ឈ្មោះ ប៉ក់ សាណាភេទស្រី អាយុ១១ឆ្នាំ (ជាបងស្រីរបស់សាកសព) បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៣និង០០នាទី ជនរងគ្រោះ បានដើរទៅលេងនៅក្រោយសាលារៀនគ្រីនវ៉េ ជាមួយក្មេងៗ ក្នុងភូមិជាច្រើន ហើយបានចុះលេងទឹកស្រះលុះនៅម៉ោងប្រហែល១៦និង០០នាទី ពេលក្មេងៗដទៃទៅផ្ទះវិញអស់ រូបខ្លួនពុំបានឃើញប្អូនប្រុសទេ គឺឃើញតែស្បែកជើងនៅមាត់ស្រះ។ ពេលនោះរូបខ្លួនក៏ដើរទៅផ្ទះវិញ ដោយមិនបានចាប់អារម្មណ៍អ្វីឡើយ រហូតដលើម៉ោងប្រហែល១៧និង០០នាទី ពេលម្តាយសួររកប្អូន ទើបខ្លួនឆ្លើយប្រាប់ថា ឃើញតែស្បែកជើងនៅមាត់ស្រះ ភ្លាមៗនោះឪពុកម្ដាយ និងមាមីង ក៏បានទៅស្រះទឹកនោះ ហើយចុះរាវរកឃើញប្អូន និងបានលើកបីឡើងគោក តែប្អូនប្រុសស្លាប់បាត់ទៅហើយ។
ការសន្និដ្ឋានរបស់កម្លាំងជំនាញសមត្ថកិច្ច ជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
ក្រោយពិនិត្យទីកន្លែងកើតហេតុ និងសាកសពរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យ៕
Source: Kampuchea Thmey Daily
0 Comments