បួនសប្ដាហ៍បន្ទាប់ពីការសម្លាប់រង្គាលនៅវិហារឥស្លាមរបស់ប្រទេសនូវែលហ្សេឡង់, សហគមន៍មូស្លីមទីក្រុង Christchurch កំពុងព្យាយាមដើម្បីជំរុញឲ្យអ្នកគោរពប្រណិប័តន៍យកឈ្នះលើភាពភ័យខ្លាចរបស់ពួកគេហើយត្រលប់ទៅធ្វើការអធិស្ឋានថ្ងៃសុក្រវិញ។
បព្វជិតនៃវិហារឥស្លាម Linwood លោក Ibrahim Abdelhalim បានប្រាប់ AFP ថា “ពួកគេនៅតែភ័យខ្លាច។ ជាធម្មតា យើងរំពឹងថានឹងមានមនុស្សប្រហែល១០០នាក់ប៉ុន្តែពេលនេះមានប្រហែល៣០នាក់ប៉ុណ្ណោះ”។
ជនជាតិអូស្ត្រាលីអាយុ២៨ឆ្នាំឈ្មោះ Brenton Tarrant ត្រូវបានចោទប្រកាន់ពីបទឃាតកម្មចំនួន៥០ករណីនិងប៉ុនប៉ងឃាតកម្មចំនួន៣៩ករណីបន្ទាប់ពីបើកការបាញ់ប្រហារនៅវិហារឥស្លាម Linwood និង Al Noor កាលពីថ្ងៃទី១៥ខែមីនា។
សហគមន៍មូស្លីមត្រូវបានរង្គោះរង្គើជាបន្តទៀតក្នុងសប្តាហ៍នេះនៅពេលបុរសវ័យ៣៣ឆ្នាំម្នាក់ដែលពាក់អាវយឺតមានឈ្មោះប្រធានាធិបតីអាមេរិក Donald Trump បានស្រែកថាឲ្យអ្នកថ្វាយបង្គំនៅវិហារ Al Noor ។
លោក Daniel Nicholas Tuapawa ដែលបានសារភាពកំហុសក្នុងតុលាការកាលពីថ្ងៃសុក្រថាបានធ្វើសកម្មភាពដែលទំនងជាបង្កឲ្យមានអំពើហិង្សាបាននិយាយថា គាត់មិនដឹងថាអ្វីដែលគាត់បានធ្វើនោះទេរហូតទាល់តែប៉ូលិសបង្ហាញគាត់នូវវីដេអូមួយដែលក្នុងនោះគាត់បានស្រែកថាឲ្យគេរួមទាំងពាក្យថា “ជនមូស្លីមទាំងអស់គឺជាភេរវករ” ផងដែរ។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំរហូតដល់ថ្ងៃទី៣១ខែកក្កដាសម្រាប់ការកាត់ទោសថា “ខ្ញុំមិនអាចជឿនូវអ្វីដែលខ្ញុំបានធ្វើនោះទេ”។
លោក Tuapawa និយាយថា លោកមានបញ្ហាសុខភាពផ្លូវចិត្តហើយគ្មានអ្វីប្រឆាំងនឹងជនមូស្លីមទេ។
ប៉ូលិសនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កម្រិតនៃការគំរាមកំហែងថ្នាក់ជាតិនៅតែខ្ពស់, មួយខែបន្ទាប់ពីការសម្លាប់បើទោះបីជាខ្មាន់កាំភ្លើងត្រូវបានគេគិតថាធ្វើសកម្មភាពតែម្នាក់ឯងក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments