Ad Code

មន្ទីរអប់រំ​ ផ្ទេរ​ភារកិច្ច​អ្នកគ្រូ​បង្រៀន​ម្នាក់ ​នៅ​សាលាបឋមសិក្សា​ភូមិ​ឫស្សី​ ដែល​ប្រមូល​លុយ​ពី​សិស្ស​នៅក្នុង​ម៉ោង​សិក្សា



ភ្នំពេញ​ ៖ ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៩​ បានចេញ​សេចក្ដីជូនដំណឹង​មួយ​សម្រេច​ផ្ទេរ​ភារកិច្ច​អ្នកគ្រូ​បង្រៀន​ម្នាក់ ​នៅ​សាលាបឋមសិក្សា​ភូមិ​ឫស្សី​ដែល​ប្រមូល​លុយ​ពី​សិស្ស​នៅក្នុង​ម៉ោង​សិក្សា ​មក​បម្រើ​ការងារ​នៅ​ទីចាត់ការ​សាលា​វិញ​។​
​ ​
ការសម្រេច​ផ្ទេរ​នេះ​បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មាន​ព័ត៌មាន ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បាននិងកំពុង​បន្ត​ចែកចាយ​ករណី​អ្នកគ្រូ​បង្រៀន​ម្នា​ក់នៅ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូល​លុយ​សិស្ស​ក្នុង​ម៉ោង​សិក្សា​។​

បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ជាបន្ទាន់ ដោយ​រៀបចំ​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ និង​បាន​រក​ឃើញ​ថា អ្នកគ្រូ​បង្រៀន​ខាងលើ​ពិតជា​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ប្រាកដ​មែន​។ រីឯ​សាមី​ខ្លួន ក៏បាន​សារភាព​ទទួលកំហុស ដោយមាន​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​។​

ក្នុង​គោលបំណង​ទប់ស្កាត់​កុំ​ឲ្យ​បាតុភាព​អសកម្ម​បែបនេះ​កើតឡើង ក្នុង​សាលាបឋមសិក្សា​ភូមិ​ឫស្សី​បន្តទៀត ពិសេស​ដើម្បី​អនុវត្ត​វិធានការ​ដាក់វិន័យ ចំពោះ​បុគ្គល​ប្រព្រឹត្ត​ខុសច្បាប់​ស្តីពី ការអប់រំ​-​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រ​បង្រៀន មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការណ៍​មួយចំនួន​ដូចខាងក្រោម​ទី​១ ៖ ផ្ទេរ​ភារកិច្ច​អ្នកគ្រូ បង្រៀន​ថ្នាក់​ទី ១​ឆ នៃ​សាលា​បឋម​សិក្សា​ភូមិ​ឫស្សី មក​បម្រើ​ការងារ​នៅ​ទីចាត់ការ​សាលា​វិញ​។ ​ទី​២៖ ចាត់តាំង​គ្រូបង្រៀន​ផ្សេង​ឲ្យ​ទទួល​ភារកិច្ច​បង្រៀន​ថ្នាក់​ទី ១​ឆ ជំនួស​វិញ ដើម្បី​បន្ត​និរន្ត​ភាព​សិក្សា​របស់​សិស្ស​។ ទី​៣ ៖ ប្រគល់​ភារកិច្ច​ដល់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌមានជ័យ និង​គណៈ​គ្រប់គ្រង​សាលា ប្រជុំ​ណែនាំ ឲ្យ​បាន​ម៉ឺងម៉ាត់​ដល់​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់​ ដើម្បី​គោរព​ច្បាប់​ស្តីពី​ការអប់រំ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន​។ ទី​៤ ៖ ប្រគល់​ភារកិច្ច​ដល់​ការិយាល័យ​បឋមសិក្សា និង​ការិយាល័យ​អធិការកិច្ច​ នៃ​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ​បន្ត​តាមដាន​កិច្ចការ​នេះ ​និង​ទី​៥ ៖ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​រដ្ឋបាល​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ផ្ទុយ​ពី​ការ ណែនាំ​របស់​ក្រសួង​-​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu