Ad Code

អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ រួមគ្នា​ធ្វើ​អនាម័យ​ក្នុង​មូលដ្ឋាន​



ភ្នំពេញ ៖ នៅ​ចុង​សប្ដាហ៍​នេះ ​គេ​សង្កេតឃើញ​កម្លាំង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ ​បានរួម​គ្នា​ធ្វើ​អនាម័យ​តាម​មាត់​ច្រាំងទន្លេ​ និង​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​ លោក​ ប៊ូ វ​ឌ្ឍ​នា នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមេសា​នេះ​ថា ​តាម​ផែនការណ៍​របស់ លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ គឺ​កម្លាំង​មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​ សហការ​​ជាមួយ​អាជ្ញាធរ​តាម​បណ្តា​សង្កាត់​ទាំង​៨ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ចុះ​ធ្វើ​អនាម័យ​តាម​មាត់ច្រាំង​ទន្លេ​ និង​តាម​ដងផ្លូវ​ ធ្វើ​យ៉ាងណា​ឲ្យ​អស់​សំរាម​ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤.១៥.១៦ ខែមេសា​ខាងមុខនេះ​។ ​ប៉ុន្តែ​នៅពេលដែល​កម្លាំង​អាជ្ញាធរ​យើង​ចុះ​ធ្វើ​អនាម័យ​នោះ ​គឺមាន​កម្លាំង​ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង ​បាននាំគ្នា​មក​ចូលរួម​រើស​សំរាម​ជាមួយ​ដោយ​ពួកគាត់​អះអាងថា ​ធ្វើយ៉ាងណា​ឲ្យ​មូលដ្ឋាន​យើង​បាន​ស្អាត​។​

ទាក់ទិន​ទៅ​នឹង​ការធ្វើ​អនាម័យ​នេះដែរ​ លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​នៅ​ចុង​សប្ដាហ៍​នេះ ​កម្លាំង​របស់លោក​បាន​ចុះ​ធ្វើ​អនាម័យ​ក្រោម​ និង​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​ ពិសេស​នៅតាម​មាត់​ច្រាំងទន្លេ​។ ​ក្នុងពេល​នោះដែរ ​ក៏មាន​ការចូលរួម​ពី​កម្លាំង​ប្រជាពលរដ្ឋ​ក្បែរៗ​ចំណុច​មាត់​ច្រាំងទន្លេ​មកជួយ​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ​ផងដែរ​។

​ក្នុងឱកាស​នោះ ​លោក ​យ៉ិន​ វុ​ធ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ សូម​បញ្ឈប់​ការ​យក​សំរាម​បោះ​ចោល​តាម​ដងផ្លូវ​ និង​មាត់ច្រាំង​ទន្លេ​តទៅទៀត​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព ​និង​អាក្រក់​មើល​បំផុត​។​ ហើយ​ការ​ទុកដាក់​សំរាម ​ត្រូវ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ រង់ចាំ​រថយន្ត​ប្រមូល​សំរាម​មក​ដឹក​ចាំ​យើង​យក​ចេញពីផ្ទះ​ទៅ​ដាក់​ក្នុង​រថយន្ត​ ជៀសវាង​យកទៅ​បោះចោល​តាម​ដងផ្លូវ​ ឬ​មាត់ច្រាំង​ទន្លេ​ឲ្យ​សោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu