Ad Code

សម្ដេច​ប្រធានរដ្ឋសភា អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព ក្នុង​រដូវ​ក្តៅ​ហួតហែង​នេះ



ត្បូងឃ្មុំ ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ នាព្រឹក​ថ្ងៃ​ទី​៦​មេសា​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា ក្នុង​វត្ត​ថ្មី​សិរី​សិក្ខា​រាម ហៅ​វត្ត​តាអាំ ស្ថិតនៅ​ភូមិ​តាអាំ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

មាន​ប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​ពិធី​នោះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព ក្នុង​រដូវក្តៅ​ហួតហែង​នេះ ពិសេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ ដើម្បី​ចូល​រួម​លើកកម្ពស់​សុខុមាលភាព​សង្គម តាមរយៈ​ការ ថែរក្សា​សុខភាព ដូចជា​ធ្វើ​អនាម័យ​ខ្លួនប្រាណ ចំណី​អាហារ ចូលរួម​ការពារ​ជំងឺឆ្លង ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

ទន្ទឹមនេះ សម្ដេច ​បាន​ក្រើន​រំឭក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួមគ្នា​ធ្វើ​អន្តរាគមន៍ ឲ្យ​ទាន់ពេលវេលា ដោះស្រាយ​បញ្ហា​ចំពោះមុខ​ដូចជា គ្រោះធម្មជាតិ​មាន​គ្រោះរាំងស្ងួត​ជាដើម ធ្វើ​យ៉ាងណា​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ក្នុងនោះ​មាន​តំបន់​ខ្លះ​បានចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​លាយឡំ​មកជា​មួយ​ខ្យល់​កន្ត្រាក់ ដែល​នាំ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាជន​យើង​ផងដែរ​។ បញ្ហា​មួយទៀត​ទាក់ទង​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​គ្រាន់តែ​ក្នុង​រយៈពេល​៣​ខែ​ ដើមឆ្នាំ​២០១៩​នេះ​មាន​អ្នកស្លាប់​ជាង​៥០០​នាក់​ទៅហើយ រួម​នឹងមាន​អ្នករងរបួស និង​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ ព្រមទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ជាច្រើន​ទៀត​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត ដែល​បញ្ហា​នេះ​សូម​អ្នក​ប្រើប្រាស់​ដងផ្លូវ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា ជាពិសេស​ក្នុងឱកាស ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នាពេលខាងមុខ មិនត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ដោយ​ការ​ធ្វេសប្រហែស និង​បើកបរ​ដោយ​ការប្រមាថ​នោះទេ​។ ទាក់ទង​នឹង​វិស័យ​ព្រះពុទ្ធសាសនា សម្ដេច​ប្រធានរដ្ឋសភា​បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រួមចំណែក ពង្រឹង​សាមគ្គីភាព ការលើកកម្ពស់​វប្បធម៌ នៃ​ការយោគយល់​គ្នា ដោយ​យើង​ប្ដេជ្ញា​បន្ត​ការពារ​ការ​គោរព និង​លើកស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា​ជា​ដរាប ធ្វើយ៉ាងណា​ឲ្យ​កម្លាំង​ដ៏​មាន​ឥទ្ធិពល នៃ​ព្រះពុទ្ធសាសនា​បន្ត​ស្ថិតនៅ និង​ជ្រួតជ្រាប​ក្នុង​ក្រអៅ​បេះដូង នៃ​ប្រជាជន​ខ្មែរ​។ លើសពីនេះ ​យើង​ត្រូវ​រួមគ្នា​លើកកម្ពស់​តម្លៃ​សីលធម៌​សង្គម គុណធម៌ វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់ និង​សម្បូរបែប​របស់​ខ្មែរ​យើង​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។ យើង​បាន​ខិតខំ​ធ្វើ​ឲ្យ​វត្ត​អារាម​ក្លាយ​ជា​មជ្ឈមណ្ឌល​ជីវភាព​ខាង​ស្មារតី ដែល​សកម្ម​ចូលរួម​ការ​អភិវឌ្ឍ​សង្គម​ខាង​ផ្នែក​វប្បធម៌ អប់រំ សង្គមកិច្ច និង សីលធម៌​សង្គម ព្រមទាំង​ពង្រឹង​សុខុដុមនីយកម្ម រវាង​គ្រប់​សាសនា រាំង​ស្កាត់​ការធ្វើ​អាជីវកម្ម​លើ​សាសនា ប្រឆាំង​ការ​រើសអើង បែងចែក​ក្នុងចំណោម​ប្រជាជន ហើយ​ថា​ជា​ការ​ចាំបាច់ ណាស់​ដែល​ត្រូវ​ប្រែក្លាយ​សក្ដានុពល​របស់​សាសនា​ទាំងអស់ ទៅជា​កម្លាំង​សាមគ្គី​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ការពារ​សន្តិភាព ឯកភាព​ជាតិ និង​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​

សូម​ជម្រាបជូន​ថា វត្ត​ថ្មី​សិរី​សិក្ខា​រាម ហៅ​វត្ត​តាអាំ ស្ថិតនៅ​ភូមិ​តាអាំ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ ជា​វត្ត​ថ្មី កសាង​ឡើង​កាលពី​ឆ្នាំ​២០០៨ ក្រោម​គំនិត​ផ្ដួចផ្ដើម និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ លោកជំទាវ ហើយ ចំពោះ​ឧបដ្ឋានសាលា រួម​នឹង​សមិទ្ធផល​នានា​ក្នុង​វត្ត ដែល​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លង​នាពេលនេះ មានតម្លៃ​ជាង​១​សែន​ដុល្លារ​អាម៉េរិក ហើយក៏​នៅមាន​សមិទ្ធផល​ចាំបាច់​មួយចំនួនទៀត​ដូចជា ព្រះវិហារ​ជាដើម ក៏​នឹង​ត្រូវ​សាងសង់​ឡើង​ជា​បន្តបន្ទាប់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu