ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ភ្នាក់ងារក្រុងប៉េកាំងបានដាក់សម្ពាធអ្នកនិពន្ធកូនកាត់ចិន-អូស្ត្រាលីពីរនាក់ឲ្យផ្តល់ព័ត៌មានអំពីការស៊ើបអង្កេតសម្ងាត់របស់ទីក្រុងកង់បេរ៉ាចូលក្នុងការជ្រៀតជ្រែករបស់ចិននៅក្នុងនយោបាយក្នុងស្រុក។
លោក Yang Jun ដែលជាអ្នកនិពន្ធរឿងប្រលោមលោកនិងជាអ្នកតស៊ូមតិប្រជាធិបតេយ្យនិងលោក Feng Chongyi ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យមានមូលដ្ឋានក្នុងទីក្រុងស៊ីដនីនិងជាអតីតអ្នកកាសែតគឺត្រូវបានគេរាយការណ៍ថា ត្រូវបានសួរចម្លើយអំពីការស៊ើបអង្កេតសម្ងាត់នេះ។
អ្នកទាំងពីរគឺជាមិត្តភក្តិរបស់លោក John Garnaut ដែលជាអតីតអ្នកកាសែតម្នាក់ដែលកំពុងដឹកនាំការស៊ើបអង្កេតនេះ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបប្រទះភាពតានតឹងក្នុងពេលថ្មីៗនេះដោយសារតែការភ័យខ្លាចនៃការជ្រៀតជ្រែករបស់ចិនហើយចំពេលទីក្រុងប៉េកាំងបានបង្ហាញសាច់ដុំរបស់ខ្លួននៅក្នុងប្រជុំកោះប៉ាស៊ីហ្វិកដែលទីក្រុងកង់បេរ៉ាចាត់ទុកថាជាបរិវេណរបស់ខ្លួន។
ការស៊ើបអង្កេតរួមគ្នាមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយកាសែត The Sydney Morning Herald, កាសែត The Age និងទូរទស្សន៍ ABC បានរកឃើញថា ប្រទេសចិនបានធ្វើប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយដើម្បីទទួលបានព័ត៌មានលម្អិតអំពីការស៊ើបអង្កេតដែលត្រូវបានបញ្ជាឲ្យធ្វើឡើងនៅក្នុងឆ្នាំ២០១៦ដោយអតីតនាយករដ្ឋមន្ត្រីលោក Malcolm Turnbull ។
លោក Yang ដែលជាពលរដ្ឋអូស្ត្រាលីមានរហស្សនាមថា Yang Hengjun គឺត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសចិនចាប់តាំងពីការធ្វើដំណើរនៅទីនោះកាលពីខែមករាដោយត្រូវបានគេចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ដល់សន្តិសុខរដ្ឋ។
របាយការណ៍កាលពីថ្ងៃចន្ទគឺស្របគ្នាជាមួយនឹងការអង្វរករពីភរិយារបស់លោកឲ្យប្រទេសអូស្ត្រាលីធ្វើបន្ថែមទៀតដើម្បីធានាការដោះលែងគាត់។
របាយការណ៍របស់ ABC បាននិយាយថា ភ្នាក់ងារចិនធ្លាប់បានស្ទាក់ចាប់និងសួរចម្លើយលោក Yang នៅទីក្រុងស៊ីដនីក្នុងឆ្នាំ២០១៨នៅពេលដែលគាត់កំពុងធ្វើដំណើរទៅជួបលោក Garnaut ។
ចំណែកលោក Feng ដែលជាពលរដ្ឋអូស្ត្រាលីអចិន្ត្រៃយ៍បានប្រាប់ ABC ថា គាត់ត្រូវបានសាកសួរអំពីលោក Garnaut នៅពេលដែលគាត់ត្រូវបានឃុំខ្លួនរយៈពេលច្រើនថ្ងៃអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០១៧។
លោក Feng និយាយថា “ពួកគេដឹងច្រើនណាស់អំពីលោក Garnaut ។ ក្នុងអំឡុងពេលនៃការសួរចម្លើយ ពួកគេមិនបានលាក់បាំងថា ពួកគេខឹងនឹងគាត់នោះទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments