ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧មេសានេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានផ្ដួចផ្ដើមធ្វើពិធីពិសារបាយសាមគ្គី និងប្រគំតន្ត្រីជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកប្រា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តិធ្វើឡើងនាថ្ងៃខាងមុខ។
លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាបានប្រាប់កម្ពុជាថ្មីដឹងថា ពិធីពិសាបាយសាមគ្គី និងប្រគំតន្ត្រីនៅភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា នារសៀលថ្ងៃទី៧មេសានេះ គឺជាការផ្តួចផ្តើមឡើងពី លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យប្រជាពលរដ្ឋបានពិសាជួបជុំគ្នា ព្រមទាំងរាំលេងកម្សាន្តដោយមានវង់តន្ត្រីដ៏ធំមកលេងរហូតដល់ពាក់កណ្ដាលយប់។ ហើយឆ្នាំនេះ សប្បាយណាស់ សប្បាយណាស់ ដោយមានការចូលរួមពីលោកអភិបាលខណ្ឌច្បារអំពៅដោយផ្ទាល់ទៀតផង។
តាមប្រភពពី លោកស្រី ជា ថារ៉េត ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូងដែលបានចូលរួមក្នុងពិធីនេះបានឲ្យកម្ពុជាថ្មីដឹងថា ការផ្ដួចផ្ដើមធ្វើពិធីពិសារបាយ និងរាំលេងកម្សាន្តជុំគ្នារបស់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី៧មេសានេះ គឺប្រជាពលរដ្ឋទាំងអស់មានក្តីសប្បាយរីករាយព្រោះមិនងាយបានជួបជុំគ្នា ជាមួយលោកអភិបាលខណ្ឌបែបនេះទេ។ ចំណែកការរៀបចំ និងចាត់ចែងក្នុងកម្មវិធីមានរបៀបរៀបរយល្អណាស់ហើយម្ហូបអាហារក៏ឆ្ងាញ់រីឯការប្រគំតន្ត្រីក៏ពីរោះដែលធ្វើឲ្យអ្នកចូលរួម និងអ្នកមិនបានចូលរួមបាននាំគ្នារាំលេងកម្សាន្តយ៉ាងសប្បាយ និងគ្មានបងតូចបងធំមកអុកឡុកទៀតផង។
ក្នុងពិធីនេះដែរ លោក ចេង មុនីរ៉ា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមតុ និងមានថតរូបទុកជាអនុស្សាវរីយ៍ដែលធ្វើឲ្យពិធីនេះកាន់តែអធិកអធមនឹកស្មានមិនដល់។
លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ពីទឹកចិត្តអាណិតស្រឡាញ់ប្រជាពលរដ្ឋទាំងអស់ដូចសាច់ឈាមតែមួយ ហើយលោកអភិបាលខណ្ឌបានបញ្ជាក់ថា នឹងផ្ដួចផ្ដើមពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ គឺស្ថិតនៅជាមួយគ្នាជានិច្ច៕
Source: Kampuchea Thmey Daily
0 Comments