កំពត ៖ លោក សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានមានប្រសាសន៍ថា គ្មានអ្វីប្រសើរជាងការសាងកុសលបុណ្យល្អចំពោះខ្លួនឯង និងអ្នកដទៃ ពិសេសដោយធ្វើការចែករំលែកចេញពីទឹកចិត្តស្មោះសរជ្រះថ្លាបរិសុទ្ធរបស់យើងម្នាក់ៗឡើយ។
លោក សោម ចិន បានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ៗនៅក្នុងឱកាស នៃពិធីបុណ្យចម្រើនព្រះជន្ម និងបច្ច័យបួនដែលក្រុមគ្រួសារ និងកូនចៅ រៀបចំធ្វើឡើងជូនលោក និងលោកស្រី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោកផ្ទាល់។
លោក សោម ចិន បានរំលឹកសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរយើង ដែលជាអ្នកកាន់គោរពជំនឿលើប្រពៃណីព្រះពុទ្ធសាសនា តែងយល់ថា គ្មានអ្វីប្រសើរជាងការធ្វើល្អចំពោះខ្លួនឯង និងអ្នកដទៃទេ ពោលគឺការបំពេញនូវគុណធម៌ ព្រហ្មវិហារធម៌ កតញ្ញូតាធម៌ និងមេត្តាធម៌ដោយចេញពីទឹកចិត្តស្មោះសរជ្រះថ្លារបស់យើងទាំងអស់គ្នាម្នាក់ៗ។
លោក សោម ចិន ក៏បានរំលឹកបញ្ជាក់ថា ដោយបានប្រកាន់ខ្ជាប់ និងគោរពជារៀងរាល់ឆ្នាំក្នុងឱកាស នៃពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់។ លោកតែងបានធ្វើពិធីជួបសំណេះសំណាល និងធ្វើទានជូននូវសម្ភារៈប្រើប្រាស់ និងថវិកាដល់ប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ៗ។ ក្នុងគោលបំណងសំដែងបំពេញកុសលបុណ្យ និងសំដែងការនឹករលឹកដឹងគុណចំពោះប្រជាពលរដ្ឋលោកយាយ លោកតាចាស់ៗ ដែលតែងបានគាំទ្រនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។
លោក សោម ចិន ក៏បានថ្លែងការណ៍គោរពនឹករលឹក និងអំណរដឹងគុណកោតសរសើរចំពោះព្រះសង្ឃ លោកយាយ លោកតាប្រជាពលរដ្ឋ ដែលតែងតែបានគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតាំងពីដើមជារៀងរហូតមកក្នុងកិច្ចខិតខំពន្លឿនការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលូតលាស់ និងប្រកបដោយសុខសន្តិភាពពេញបរិបូណ៌ដូចសព្វថ្ងៃនេះ។ ក្នុងឱកាសនោះ លោក សោម ចិន ក៏បានរៀបចំបច្ច័យប្រគេនព្រះសង្ឃកចំនួន៤វត្តក្នុងមួយវត្ត១លានរៀលនិងជូននូវសម្ភារៈប្រើប្រាស់ មានក្រណាត់ស សារុង ភួយ និងថវិកា ព្រមទាំងអាហារជូនដល់ប្រជាពលរដ្ឋលោកយាយលោកតាចាស់ៗ ដែលកម្មវិធីនេះបានត្រូវចំណាយអស់ថវិកាសរុបប្រមាណចំនួន១៥លាន៣៥ម៉ឺនរៀលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments