តាកែវ-ត្បូងឃ្មុំ ៖ គម្រោងកែលម្អផ្លូវជនបទជំហាន២ បានសហការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ បានរៀបចំការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សក្នុងសាលារៀន និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមដងផ្លូវនៃគម្រោងកែលម្អផ្ឡូវជនបទក្នុងខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដែលបានចាប់អនុវត្តពីថ្ងៃទី ២ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩។
ដោយឡែកនៅថ្ងៃទី ២ និង ទី៣ ខែមេសាឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ សកម្មភាពអប់រំផ្សព្វផ្សាយអំពីកិច្ចបង្ការហានិភ័យសំខាន់ៗ ដោយមានប្រជាពលរដ្ឋចំនួនចូលរួម ១៤១នាក់ (ស្រី៦៣នាក់) ក្នុងឃុំ សំរោង ស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងយុទ្ធនាការនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ របស់គម្រោងកែលម្អផ្លូវលំជនបទជំហានទី២ បានផ្សព្វផ្សាយអំពី ចំណេះដឹងទាក់ទង សុវត្ថិភាពចរាចរណ៍ ដល់អ្នកបើកបរគោយន្តចំនួន ១២គ្រឿង ម៉ូតូ ៨០គ្រឿង និង កង់៤០គ្រឿង។
ជាងនេះទៅទៀត យើងបានបិទស្ទិគ័រចំណាំង ដែលមានសារសុវត្ថិភាពទាក់ទងនិងការប្រើប្រាស់ល្បឿន និង ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ កម្មវិធីនេះមានការចូលរួមយ៉ាងផុលផុសពីសំណាក់ អាជ្ញាធរឃុំសំរោង មន្ត្រីអន្តរវិស័យរបស់ស្រុកត្រាំកក់ និងបងប្អូនប្រជាការពារ មន្ត្រីនគរបាល ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀតផង។ ក្រុមការងារបានធ្វើការហែក្បួន គោយន្ត ម៉ូតូ និងកង់ កាត់តាមទីប្រជុំជន សាលារៀន វត្តអារាម និង ភូមិរបស់ប្រជាពលរដ្ឋ ដោយមានការផ្តល់សារអប់រំ តាមរយៈឧបករណ៍បំពងសម្លេង(ម៉េក្រូ) ផ្តោតលើចំណេះដឹងអំពីល្បឿន គ្រឿងស្រវឹង មួកសុវត្ថិភាព ជាពិសេសការគោរពតាមច្បាប់ចរាចរណ៍។
នៅពេលរសៀល មានការចូលរួមពីសិស្សានុសិស្ស ជាង១០០នាក់ មកពីអនុវិទ្យាល័យអង្គសីមា ក្នុងឃុំសំរោង ស្រុកត្រាំកក់ ក្នុងកម្មវិធី ដែលមានការរៀបចំស្តង់ អមដោយកម្មវិធី អប់រំ និង សំណួរចម្លើយ ដែលមានរង្វាន់ ជាមួកសុវត្ថិភាព អាវយឺត សៀវភៅច្បាប់ចរាចរណ៍ និង សម្ភារៈលួងចិត្តមួយចំនួនទៀត។ សិស្សទាំងអស់ទទួលបានអារម្មណ៍រីករាយ និងចំណេះដឹងទាក់ទង សុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេសសម្រាប់អ្នកជិះកង់ និង ថ្មើរជើង។
ចំណែកឯខេត្តត្បូងឃ្មុំ ក្រោយពីបានបណ្តុះបណ្តាលជំនាញ ដល់ជនបង្គោលសុវត្ថិភាពចរាចរណ៍សហគមន៍រួចមក ក្រុមការងារគម្រោងកែលម្អផ្លូវជនបទជំហាន២ បានសហការនិង គាំទ្រ ការរៀបចំសកម្មភាព អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និង អ្នកប្រើប្រាស់ផ្លូវថ្នល់ជាពិសេសអ្នកបើកបរក្នុងឃុំ ចំនួន១៣ តាមបណ្តាស្រុកមួយចំនួន នៃខេត្តត្បូងឃ្មុំ។ ក្រុមការងារសុវត្ថិភាពចរាចរណ៍ គម្រោងកែលម្អផ្លូវជនបទជំហាន២ បានផ្តល់នូវ សម្ភារៈអប់រំផ្សព្វផ្សាយ មានដូចជា ស្ទីគ័រចំណាំង ខិត្តប័ណ្ណអប់រំពីហានិភ័យ បដាពាក្យស្លោកអប់រំ និង ផ្ទាំងរូបភាពអប់រំមួយចំនួនធំ ដែលអាចជួយសម្រួលដល់ដំណើរការអប់រំផ្សព្វផ្សាយឲ្យប្រព្រឹត្តទៅដោយរលួន។
លោកគង់សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ បានឲ្យដឹងថា ក្រុមរបស់លោកនឹងបន្តធ្វើការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សតាមសាលា មាតាបិតា ឬ អាណាព្យាបាលសិស្ស ក៏ដូចជាអាជ្ញាធរភូមិឃុំ និងស្រុកផងដែរ អំពីការធ្វើដំណើរដោយសុវត្ថិភាពក្នុងខេត្តចំនួន១០ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលមានផ្លូវចំនួន៧០ខ្សែ និងចម្ងាយផ្លូវសរុបជាង១២០០គីឡូម៉ែត្រ។ លោកបញ្ជាក់ថា គោលបំណងដ៏ធំមួយក្នុងចំណោមគោលបំណងច្រើនទៀតរបស់គម្រោងគឺកាត់បន្ថយអត្រាគ្រោះថ្នាក់ ការបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវរបស់គម្រោង។ ក្រៅពីការអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរវ័យចាស់ៗ ការបណ្ដុះបណ្ដាលពីសុវត្ថិភាពចរាចរណ៍ និងជំរុញការចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍របស់សហគមន៍គឺជាយុទ្ធសាស្ត្រស្នូលក្នុងការផ្ដួចផ្ដើមបង្កើតចេរភាពនៃវប្បធម៌បើកបរដោយសុវត្ថិភាព ដើម្បីគ្រប់គ្នាជាសឆ្ងាយអំពីគ្រោះថ្នាក់ចរាចរណ៍បាន។
តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋតាមដងផ្លូវក្នុងខេត្តទាំង១០ខាងលើនេះ ក៏នឹងអាចរួមចំណែកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលរាជរដ្ឋាភិបាលបានកំនត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នាឆ្នាំ២០២០ខាង មុខ៕
Source: Kampuchea Thmey Daily
0 Comments