រូបថតដ៏ក្តុកក្តួលរបស់ក្មេងស្រីតូចម្នាក់យំគ្មានអ្នកជួយខណៈដែលនាងនិងម្តាយរបស់នាងត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងដោយមន្ត្រីព្រំដែនសហរដ្ឋអាមេរិកបានឈ្នះពានរង្វាន់ World Press Photo កាលពីថ្ងៃព្រហស្បតិ៍។
ចៅក្រមបាននិយាយថា រូបថតរបស់អ្នកថតរូបជើងចាស់ Getty ឈ្មោះ John Moore ដែលថតបន្ទាប់ពីស្ត្រីជាម្តាយសញ្ជាតិហុងឌូរ៉ាសឈ្មោះ Sandra Sanchez និងកូនស្រីរបស់នាងឈ្មោះ Yanela ឆ្លងដែនដោយខុសច្បាប់ឆ្លងកាត់ព្រំដែនអាមេរិក - ម៉ិកស៊ិកកាលពីឆ្នាំមុនបានបង្ហាញថា “ប្រភេទខុសគ្នានៃអំពើហិង្សាគឺជាចិត្តសាស្ត្រ”។
រូបថតនៃកុមារដែលយំនេះត្រូវបានបោះពុម្ភផ្សាយនៅទូទាំងពិភពលោកហើយបង្កឲ្យមានការថ្កោលទោសជាសាធារណៈអំពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបំបែកជនចំណាកស្រុករាប់ពាន់នាក់និងកូនៗរបស់ពួកគេ។
ក្រោយមក មន្ត្រីគយនិងការពារព្រំដែនអាមេរិកបាននិយាយថា នាង Yanela និងម្តាយរបស់នាងគឺមិនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបំបែកគ្នានោះទេប៉ុន្តែកំហឹងជាសាធារណៈបានធ្វើឲ្យលោកប្រធានាធិបតី Donald Trump យកគោលនយោបាយនេះមកប្រើប្រាស់ឡើងវិញកាលពីខែមិថុនាឆ្នាំមុន។
លោក Moore បានថតរូបភ្នាក់ងារល្បាតព្រំដែនរបស់សហរដ្ឋអាមេរិកនៅរាត្រីដ៏ងងឹតក្នុងជ្រលង Rio Grande កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំមុននៅពេលពួកគេបានចូលរួមជាមួយមនុស្សមួយក្រុមដែលព្យាយាមឆ្លងកាត់ព្រំដែន។
លោក Moore បានប្រាប់វិទ្យុជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងបទសម្ភាសមួយបន្ទាប់ពីនោះថា “ខ្ញុំអាចមើលឃើញភាពភ័យខ្លាចនៅលើមុខរបស់ពួកគេ”។
នៅពេលមន្ត្រីសួរឈ្មោះរបស់ពួកគេ លោក Moore បាននិយាយថា លោកបានរកឃើញនាង Sandra Sanchez និងកូនរបស់នាងចាប់ផ្តើមយំនៅពេលម្តាយរបស់នាងត្រូវបានគេឆែកឆេរ។
គួរបញ្ជាក់ថា ចៅក្រមបានជ្រើសរើសរូបថតរបស់អ្នកថតរូបកូនកាត់ហូឡង់-ស៊ុយអ៊ែតឈ្មោះ Pieter Ten Hoopen អំពីក្បួនជនអន្តោប្រវេសន៍ឆ្នាំ២០១៨ទៅព្រំដែនអាមេរិកថាជាអ្នកឈ្នះពានរង្វាន់ World Press Photo Story of the Year៕ AFP
Source: Kampuchea Thmey Daily
0 Comments