ប្រទេសថៃបានចាប់ផ្តើមធ្វើពិធីសាសនានានាកាលពីថ្ងៃសៅរ៍សម្រាប់ការសោយរាជ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn នៅខែក្រោយនេះដោយក្រុមមន្ត្រីបានប្រមូលទឹកមន្តនៅក្នុងពិធីបុណ្យនានានៅទូទាំងប្រទេសសម្រាប់ការប្រើប្រាស់ក្នុងពិធីបន្សុទ្ធ។
ពិធីគ្រងរាជសម្បត្តិដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះមហាក្សត្រ Vajiralongkorn នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែឧសភាក្នុងរាជធានីបាងកកដោយមានពិធីបុណ្យបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាជាច្រើនត្រូវបានធ្វើឡើងក្នុងរយៈពេលមួយខែមុនព្រឹត្តិការណ៍នេះចូលមកដល់។
ព្រះអង្គ Vajiralongkorn ព្រះជន្ម៦៦វស្សាបានក្លាយជាព្រះមហាក្សត្រតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃក្រោយការសោយទិវង្គតរបស់ព្រះបិតា Bhumibol Adulyadej ក្នុងឆ្នាំ២០១៦បន្ទាប់ពីការគ្រងរាជរយៈពេល៧០ឆ្នាំ។
ការសោយរាជ្យរបស់ទ្រង់ត្រូវបានពន្យារពេលរហូតដល់ក្រោយការកាន់ទុក្ខសម្រាប់ព្រះបាទ Bhumibol ដែលត្រូវបានបូជានៅខែតុលាឆ្នាំ២០១៧។ សម្រាប់ប្រជាជនថៃភាគច្រើន ពិធីសោយរាជ្យអាចជាការឃើញលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ។
ទឹកមន្តដែលប្រមូលបាននៅថ្ងៃសៅរ៍នឹងត្រូវប្រើសម្រាប់ពិធីអភិសេកព្រះមហាក្សត្រនៅថ្ងៃទី៤ខែឧសភាមុនពិធីឡើងគ្រងរាជ្យ។
ការប្រើប្រាស់ទឹកគឺផ្អែកទៅលើប្រពៃណីព្រាហ្មណ៍ដែលមានតាំងពីពិធីឡើងគ្រងរាជ្យសតវត្សរ៍ទី១៨មកម្ល៉េះចាប់តាំងពីការបង្កើតរាជវង្សចក្រីមក។
ថ្ងៃសៅរ៍គឺជាថ្ងៃចក្រីនៅក្នុងប្រទេសថៃដែលគេយល់មើលថាជាការចាប់ផ្តើមនៃរាជវង្សនេះ។
ស្ដេច Vajiralongkorn បានទទួលព្រះបរមងារជាស្តេចរាមាទី១០ឬស្ដេចទី១០នៃរាជវង្សចក្រី។
ទឹកត្រូវបានគេប្រមូលក្នុងពេលដំណាលគ្នាចន្លោះពីម៉ោង១១:៥២នាទីទៅដល់ម៉ោង១២:៣៨នាទីថ្ងៃសៅរ៍ដែលត្រូវបានគេចាត់ទុកថាជាពេលវេលាពិសេសនៅក្នុងហោរាសាស្ត្រថៃ។ ទឹកនេះត្រូវបានប្រមូលដោយមន្ត្រីជាន់ខ្ពស់មកពីប្រភពទឹកជាង១០០នៅទូទាំងខេត្តចំនួន៧៦របស់ប្រទេសថៃ៕ REUTERS
[caption id="attachment_1044761" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments